(ហុងកុង)៖ ទីបំផុតប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានមកដល់ទីក្រុងហុងកុងហើយ ដើម្បីចូលរួមក្នុង​ពិធី​រំលឹកខួបទី២០ឆ្នាំគត់ ដែលតំបន់រដ្ឋបាលពិសេសលំដាប់កំពូលរបស់ចិនមួយនេះ ត្រូវបានអាណានិគមអង់គ្លេស ព្រមដកចេញ និងប្រគល់ឲ្យទីក្រុងប៉េកាំងគ្រប់គ្រងជាផ្លូវការ កាលពីឆ្នាំ១៩៩៧។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN របស់ចិន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។

លោក ស៊ី ជិនពីង ដែលមានតួនាទី​ជាអគ្គលេខាធិការ នៃគណកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន (CPC) និងជាប្រធាននៃគណកម្មការយោធាមជ្ឈិមផងដែរនោះ នឹងស្ថិតនៅទីក្រុងភាគអាគ្នេយ៍ប្រទេសចិនមួយនេះ រហូតដល់ថ្ងៃសៅរ៍ ដើម្បីអបអរទិវាខួបទី​២០ឆ្នាំ និងចូលរួមធ្វើជាប្រធានកិត្តិយស នៃពិធីឡើងកាន់តំណែងរបស់ ប្រធានប្រតិបត្តិថ្មីនៃទីក្រុងហុងកុង (អភិបាលក្រុង) លោកស្រី Charrie Lam និងគណៈរដ្ឋមន្ត្រីរបស់​លោកស្រីផងដែរ។

គួរបញ្ជាក់ថា ទីក្រុងហុងកុង​​ជាតំបន់ដែលមាន​សេដ្ឋកិច្ចលូតលាស់ខ្លាំងបំផុត​ប្រចាំតំបន់​អាស៊ី និងប្រទេសចិន ហើយដែល​ទីក្រុងនេះក៏តែងតែរីករាយ​នឹងសិទ្ធិស្វ័យភាព បន្ទាប់ពីចិន និងអង់គ្លេស​បានចុះហត្ថលេខាដោះដូរ​ ទីក្រុងភាគអាគ្នេយ៍ប្រទេសចិននេះមកវិញ​កាលពី​ឆ្នាំ១៩៩៧ផងដែរ បន្ទាប់ពីការដាក់អាណនិគម​នៅអំឡុងទសវត្សរ៍ឆ្នាំ១៨៤០៕