(ស៊ីដនី)៖ មន្ត្រីសង្ឃជាន់ខ្ពស់​នៃសាសនាគ្រិស្ដនិកាយ Roman Catholic និងជាទីប្រឹក្សាជាន់ខ្ពស់​​របស់សម្ដេចប៉ាប Pope Francis​ ព្រះសង្ឃ George Pell ត្រូវបានប៉ូលិសអូស្រ្ដាលី ចោទប្រកាន់ពីបទរំលោភ​បំពានផ្លូវភេទ។ នេះបើតាមប្រភពពីមន្ត្រីប៉ូលិស​​អូស្ត្រាលី​ក្នុងរដ្ឋ Victoria ដកស្រង់ដោយ​សារព័ត៌មាន New York Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។

ព្រះសង្ឃ George Pell ដែលទើបតែក្លាយ​ជាមន្ត្រីសង្ឃ​ជាន់ខ្ពស់ នៃបុរីវ៉ាទីកង់ នារយៈពេល​ប៉ុន្មានឆ្នាំមកនេះ កំពុងប្រឈមមុខ​នឹងការចោទប្រកាន់ ពីបទឧក្រិដ្ឋមានជាប់ពាក់ព័ន្ធនឹង ការរំលោភបំពានផ្លូវ​ភេទលើកុមារ។ «ព្រះសង្ឃ Cardinal Pell​ ត្រូវបាន​ចោទប្រកាន់ ហើយត្រូវតម្រូវឱ្យបង្ហាញខ្លួននៅចំពោះមុខតុលាការ​ក្នុងទីក្រុង Melbourne នៅថ្ងៃទី១៨ ខែកក្កដា ខាងមុខនេះ»។ នេះបើតាម​ការបញ្ជាក់ពីស្នងការ​រងប៉ូលិសអូស្រ្ដាលី លោក  Shane Patton។

គួរបញ្ជាក់ថា បើតាមលោក Shane Patton មានមនុស្សជាច្រើនបានដាក់ពាក្យបណ្ដឹង​ប្រឆាំងនឹងព្រះសង្ឃ George Pell  ក៏ប៉ុន្តែលោក​បានបដិសេធបញ្ជាក់ពី​អត្តសញ្ញាណ រួមទាំងអាយុរបស់អ្នកប្ដឹង៕