(វ៉ាស៊ីនតោន)៖ សភាអាមេរិកកំពុងតែគិតពិចារណាអំពីការហាមឃាត់ អ្នកទេសចរអាមេរិកនានា មិនឲ្យធ្វើដំណើរ​ទៅកាន់ប្រទេសកូរ៉េខាងជើងនោះឡើយ បន្ទាប់ពីមរណៈភាពរបស់និស្សិតវ័យក្មេង Otto Warmbier ដែលបាន​ជាប់គុក ១៧ខែនៅកូរ៉េខាងជើង និងបានទទួលមរណៈភាពក្រោយពីកូរ៉េខាងជើងបានដោះលែងរូបគេ ត្រឡប់មក​កាន់សហរដ្ឋអាមេរិកវិញ បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន​ស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។

គណកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក នឹងធ្វើការអនុម័តច្បាប់មួយនៅដើមខែក្រោយ ដែលស្នើដោយ​ក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្សសាធាណរដ្ឋ ដឹកនាំដោយលោក Adama Schiff។ កន្លងមកពលរដ្ឋ​អាមេរិក​ដែលចង់ធ្វើដំណើរទៅកូរ៉េខាងជើង ត្រូវតែទទួលការអនុញ្ញាតពីរដ្ឋាភិបាលអាមេរិកជាមុនសិន។ ដោយឡែក​លោក Ed Royce តំណាងរាស្ត្របក្សប្រជាធិបតេយ្យ និងជាប្រធានគណកម្មាធិការ គ្រប់គ្រងការធ្វើដំណើរ​ទៅ​កូរ៉េខាងជើង ក៏បានសម្តែងគាំទ្រផងដែរ ចំពោះច្បាប់ ឬបម្រាមថ្មី ដែលនឹងត្រូវអនុម័តខាងលើនេះ។

គួរបញ្ជាក់ថា និស្សិតអាមេរិក​ Otto Warmbier​ ដែលត្រូវបាន​កូរ៉េខាងជើងដោះលែង​ឱ្យមានសេរីភាព ក្នុងស្ថានភាពជា​មនុស្សរុក្ខជាតិ បន្ទាប់ពីបានជាប់ឃុំអស់រយៈពេលជាង១៧ខែ បានទទួលមរណភាពកាលពី​ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧។ ក្រុមគ្រួសារបស់​និស្សិតរូបនេះ បានបញ្ជាក់ដូច្នេះថា វារឿងជាអកុសល ដោយសារតែគ្មាន​ការព្យាបាលត្រឹមត្រូវ និងទទួលរង​នូវអំពើ​សាហាវ ឃោឃៅ​នៅកូរ៉េខាងជើង កូនប្រុសជាទីស្រឡាញ់​របស់យើង​ បានទទួលមរណៈភាព។

និស្សិតអាមេរិក​ Otto Warmbier មានអាយុ​ ២២ឆ្នាំ បានត្រឡប់ទៅ​ដល់ទីក្រុង Cincinnati នៃរដ្ឋ Ohio កាលពី​ថ្ងៃទី១៣ ខែមិថុនា ដោយរូបគេស្ថិត​នៅក្នុងស្ថានភាព​សន្លប់ស្ដូកស្ដឹង​មិនដឹងខ្លួន រីឯខាង កូរ៉េខាងជើង​បានអះអាងថា និស្សិតរូបនេះមានជំងឺផ្នែក​ប្រព័ន្ធប្រសាទ B​otulism ហើយការ​ដោះលែងនេះ​ទៀតសោត ធ្វើឡើងផ្អែកលើគោលការណ៍​មនុស្សធម៌។

គួររំលឹកថា Otto Warmbier ត្រូវបានអាជ្ញាធរ​កូរ៉េខាងជើងចាប់ខ្លួនកាលពី​ឆ្នាំ២០១៦ និងត្រូវកាត់ទោស​ឱ្យជាប់ពន្ធនាគារ​១៥ឆ្នាំ ពីបទដែលទីក្រុង​ព្យុងយ៉ាងចោទថា និស្សិតវ័យក្មេងរូបនេះមានចេតនា ផ្ដួលរំលំរដ្ឋាភិបាល​លោក គីម ជុងអ៊ុន ខណៈមកទល់នឹង​ពេលនេះ នៅសល់ពលរដ្ឋ​អាមេរិក​០៣នាក់ផ្សេងទៀត កំពុងជាប់ឃុំនៅ​កូរ៉េខាងជើង៕