(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកល លោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កងទ័ពជើងទឹក រុស្ស៊ីបានប្រកាសឲ្យដឹងថា ខ្លួនកំពុងរៀបចំគម្រោងដើម្បីស្ថាបនា នាវាដឹកយន្តហោះចម្បាំងថ្មីមួយគ្រឿងថែមទៀត ដើម្បីឲ្យធ្វើជាដៃគូជាមួយនាវាដឹកយន្តហោះ ចម្បាំង Admiral Kuznetsov ខណៈសហរដ្ឋអាមេរិក មាននាវាផ្ទុកយន្ដហោះចម្បាំងដល់ទៅ១០គ្រឿងឯណោះ។

២៖ នាវាពិឃាតជំនាន់ថ្មីផលិតនៅក្នុងស្រុក ឬ Made In China របស់ចិនមានទម្ងន់ ១០,០០០តោន ត្រូវបានដាក់បង្ហាញឱ្យប៉ះផ្ទៃទឹកហើយ នៅថ្ងៃពុធនេះ នៅឯការដ្ឋានសាងសង់ និងជួសជុលនាវានៃក្រុមហ៊ុន Jiangnan Shipyard ក្នុងទីក្រុងសៀងហៃ។ នាវាពិឃាតនេះគឺជានាវាពិឃាតជំនាន់ថ្មីដំបូងបង្អស់របស់ចិនដែលត្រូវបានបំពាក់ដោយប្រព័ន្ធការពារ ដែនអាកាសថ្មី, មីស៊ីលប្រឆាំងមីស៊ីល, មីស៊ីលប្រឆាំងនាវា និងមីស៊ីលប្រឆាំងនាវាមុជទឹក។

៣៖ ក្រុមតំណាងរាស្រ្តនៅក្នុងប្រទេសជប៉ុន បានមូលមតិគ្នានាពេលថ្មីៗនេះ ក្នុងការផ្តួចផ្តើមប្រតិបត្តិការតាមផ្លូវទឹកមួយ ដើម្បីតាមរឹបអូសយកទំនិញពីគ្រប់កប៉ាល់ទាំងអស់ដែល អាចត្រូវប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ដល់កម្មវិធីអភិវឌ្ឍន៍មីស៊ីល-នុយក្លេអ៊ែររបស់កូរ៉េខាងជើង។

៤៖ ក្រសួងការបរទេសអាមេរិក បានសម្រេចចិត្តដកប្រទេសអ៊ីរ៉ាក់ និងមីយ៉ាន់ម៉ា ចេញពីបញ្ជីខ្មៅនៃការប្រើប្រាស់ទាហានកុមារ បើទោះជាមានសេចក្ដីរាយការណ៍ជាច្រើនថាប្រទេស ទាំងពីរនេះនៅតែមានការបន្តប្រើកុមារក្នុងវិស័យយោធា និងមានការជំទាស់ពីក្រុមសកម្មជនការពារសិទ្ធិមនុស្សក៏ដោយ។

៥៖ យន្តហោះចម្បាំងរបស់ក្រុមសម្ព័ន្ធមិត្ត ដឹកនាំដោយសហរដ្ឋអាមេរិក បានបើកប្រតិបត្តិការក្តៅគគុក ដោយទម្លាក់គ្រាប់បែកទៅលើពន្ធនាគារមួយកន្លែងនៅភាគខាងកើត ប្រទេសស៊ីរី ដែលត្រូវបានកាន់កាប់ដោយបណ្តាញភេរវករ ISIS បានបណ្តាលឲ្យមនុស្ស ៥៧នាក់ស្លាប់ ក្នុងនោះភាគច្រើនជាជនស៊ីវិលតែម្តង។

៦៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បាននិយាយថា ឧទ្ធម្ភាគចក្រមួយគ្រឿង បានបើកការវាយប្រហារលើអគារតុលាការកំពូលក្នុង គោលបំណងដុតបញ្ឆេះបន្ថែមវិបត្តិនយោបាយបច្ចុប្បន្ន ក៏ប៉ុន្តែគ្រាប់បែកដែលបាញ់ចេញទៅលើអគារមិនបានផ្ទុះឡើយ។ មេដឹកនាំប្រទេសអាមេរិកឡាទីនរូបនេះ ក៏បានព្រមាន ប្រើប្រាស់អាវុធទប់ទល់នឹងក្រុមប្រឆាំង ដែលប៉ុនប៉ងបង្ករដ្ឋប្រហារទម្លាក់រូបលោកចេញពីអំណាចផងដែ៕