(ដាម៉ាស់)៖ ប្រធានាធិបតីស៊ីរីលោក បាស្សា អាល់ អាស្សាដ បានចុះត្រួតពិនិត្យ​សព្វាវុធ និងគ្រឿងយន្តថ្មីៗ​របស់ប្រទេស​រុស្ស៊ី រួមមានទាំង​​​កាំភ្លើង, រថពាសដែក, និងយន្តហោះចម្បាំង​ជាដើម នៅឯមូលដ្ឋានទ័ពអាកាស Hmeymmin ដែល​ស្ថិត​ក្រោម​​​ប្រតិ​​បត្តិ​​ការ​​របស់​​រុស្ស៊ី​ នៅ​ភាគ​ខាងត្បូង​ប្រទេសស៊ីរី។ នេះបើតាម​ការចេញផ្សាយ​ដោយ​ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមរូបភាព​ជាច្រើនសន្លឹក ដែលចេញផ្សាយដោយ​ក្រុមការងារព័ត៌មាន​របស់លោក អាស្សាដ ផ្ទាល់ លោកប្រធានាធិបតី​ស៊ីរី បាន​ធ្វើការត្រួតពិនិត្យ​ទៅលើប្រព័ន្ធកាំភ្លើងធំ​ប្រឆាំងយន្តហោះ Pantsir-S, យានជំនិះ​ដឹកជញ្ជូនកងទ័ព GAZ Tigr, រថពាស​ដែក BMPT Terminator, និងយន្តហោះ​ចម្បាំងធុន Sukhoi Su-35។ លើសពីនេះ​រូបភាពមួយចំនួន​ក្នុងចំណោមនោះ បានបង្ហាញពី​សកម្មភាពរបស់​លោក អាស្សាដ ស្ថិតនៅក្នុងកន្លែង​បញ្ជាបើកបរ​ នៃយន្តហោះចម្បាំង Su-35 ថែមទៀតផង។

គួរបញ្ជាក់ថា ក្រៅពីសព្វាវុធ​ធុនធ្ងន់​ទាំងអស់នេះ លោក​ប្រធានាធិបតីស៊ីរី ក៏ត្រូវបានគេ​បង្ហាញអំពី សព្វាវុធធុន​ស្រាលជំនាន់ថ្មី​មួយចំនួន​របស់​រុស្ស៊ី​ផង​ដែរ រួមមានកាំភ្លើង​ផ្លោងគ្រាប់បែក​ស្វ័យប្រវត្តិ AGS-17 និងអាវុធ​ប្រឆាំងនឹង​រថក្រោះ RPG-7 ក៏ដូចជាគំរូនៃ​សម្លៀកបំពាក់ ​និង​បរិក្ខា​​​សម្រាប់​​ប្រយុទ្ធផ្សេងៗទៀត​របស់កងទ័ព​ផងដែរ។ ប្រទេសស៊ីរីគឺជាសម្ព័ន្ធមិត្ត ដែលរុស្ស៊ីមិនអាចបោះបង់បាន បើទោះបីជាតម្លៃណាក៏ដោយ ហើយ​រុស្ស៊ី​ក៏តែងតែរងសម្ពាធពីអន្តរជាតិ និងអាមេរិកជាច្រើនដងរួចមកហើយ ដោយសារតែការគាំទ្ររបប អាស្សាដ នេះ៕