(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេស​អាមេរិក បានសម្រេចចិត្តដក​ប្រទេសអ៊ីរ៉ាក់ និងមីយ៉ាន់ម៉ា ចេញពីបញ្ជីខ្មៅ​នៃការប្រើប្រាស់​ទាហានកុមារ បើទោះជាមាន​សេចក្ដីរាយការណ៍​ជាច្រើនថា ប្រទេសទាំងពីរនេះ នៅតែមានការបន្តប្រើកុមារក្នុងវិស័យយោធា និងមានការជំទាស់​ពីក្រុមសកម្មជនការពារ​សិទ្ធិមនុស្សក៏ដោយ។ នេះបើតាមរបាយការណ៍​ប្រចាំឆ្នាំ​ ស្ដីពីការជួញដូរមនុស្ស ដកស្រង់​​ដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។

យោងតាម​របាយការណ៍​ខាងលើ ដែលចេញផ្សាយ​ដោយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រិច ធីល្លឺសុន និងទីប្រឹក្សាជាន់ខ្ពស់​របស់លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ ប្រទេសអ៊ីរ៉ាក់ និងមីយ៉ាន់ម៉ា​ត្រូវបាន​ដកចេញពីបញ្ជី​ខ្មៅ នៃការបង្ខំឱ្យកុមារ​ធ្វើជាយោធានោះឡើយ។ ទាក់ទិននឹង​របាយការណ៍នេះដែរ នាយកផ្នែក​សិទ្ធិកុមារ នៃអង្គការឃ្លាំ​មើលសិទ្ធិមនុស្ស Human Rights Watch លោកស្រី Jo Becker បានបញ្ជាក់ប្រាប់ Russian Today យ៉ាងដូច្នេះថា «ការដកមីយ៉ាន់ម៉ា និងអ៊ីរ៉ាក់​ចេញពីបញ្ជីខ្មៅនេះ គឺមានន័យថា ក្រសួង​ការបរទេសអាមេរិក​បានបដិសេធ ចំពោះការពិត​ដែលកំពុង​កើតមាន... ជាក់ស្ដែងរដ្ឋាភិបាល​មីយ៉ាន់ម៉ា បានដោះលែង​កុមារជាង ៦០នាក់ ពីជួរកងទ័ព​កាលថ្ងៃសុក្រ​សប្ដាហ៍មុន ហើយក៏មាន​របាយការណ៍ថ្មី​មួយអះអាង​ដែរថា នៅតែមានការបន្តជ្រើសរើស​កុមារ នៅក្នុងជួរ​កងទ័ពជាតិ​ដដែល។

ជាងនេះទៀត អង្គការ Human Rights Watch មានឯកសារ​ជាច្រើនពាក់ព័ន្ធនឹង​ការជ្រើសរើស​កុមារដោយ កងជីវពល​នៅក្នុងប្រទេសអ៊ីរ៉ាក់ នៅអំឡុងឆ្នាំ២០១៦»។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងរបាយការណ៍​របស់ខ្លួន ក្រសួងការបរទេសអាមេរិក​បានទទួលស្គាល់​ថា កុមារនៅតែស្ថិតក្នុង​ភាពងាយ​រងគ្រោះ​នៃការជ្រើសរើស​ដោយកងកម្លាំង​នានានៅអ៊ីរ៉ាក់ ឱ្យធ្វើជា​ទាហានកុមារ។

គួរបញ្ចាក់ថា បើតាមមូល​និធិអង្គការសហប្រជាជាតិ​សម្រាប់កុមារ ឬអង្គការ UNICEF កុមារ​ប្រមាណជា ១០០,០០០នាក់ នៅតែបន្ត​ស្ថិតនៅក្នុងលក្ខខណ្ឌ​ដ៏គ្រោះថ្នាក់នៅទីក្រុងម៉ូស៊ុល ហើយមិនតែប៉ុណ្ណោះ​កុមារទាំងនេះ មិនត្រឹមតែត្រូវ​បានគេប្រើជា​រនាំងការពារ​គ្រាប់កាំភ្លើង​ប៉ុណ្ណោះទេ តែក៏ត្រូវគេ​បង្ខំឱ្យធ្វើ​ជាទាហាន ដើម្បីប្រយុទ្ធ​ជាមួយពួក ISIS ថែមទៀតផង៕