(តូក្យូ)៖ ក្រុមតំណាងរាស្រ្ត​នៅក្នុងប្រទេសជប៉ុន បានមូលមតិគ្នា​នាពេលថ្មីៗនេះ ក្នុងការផ្តួចផ្តើម​ប្រតិបត្តិការតាម​ផ្លូវទឹកមួយ ដើម្បីតាមរឹបអូស​​​យកទំនិញពីគ្រប់​កប៉ាល់ទាំងអស់ ដែលទំនង​ជាអាចត្រូវប្រើប្រាស់​សម្រាប់ផ្គត់ផ្គង់ដល់​ កម្មវិធីអភិវឌ្ឍន៍មីស៊ីល-នុយក្លេអ៊ែរ​របស់កូរ៉េខាងជើង។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅព្រឹក​ថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។

បទបញ្ញតិថ្មីនេះនឹង​អនុញ្ញាតឲ្យ​អាជ្ញាធរ ធ្វើការឆែកឆេរ​បានហ្មត់ចត់ និងគ្រប់ជ្រុង​ជ្រោយជាងមុន ទៅលើទំនិញ​នានា ដែលដឹក​ជញ្ជូន​​ឆ្ពោះ​​ទៅកាន់កំពង់ផែ​របស់ប្រទេស​កូរ៉េខាងជើង ហើយប្រការនេះ​ក៏អាចបន្ថែមភាព​តឹងរ៉ឹងថែមទៀត ទៅលើទណ្ឌកម្ម​មួយចំនួនរបស់​​ក្រុម​ប្រឹក្សា​​សន្តិ​សុខ​នៃអង្គការ​សហប្រជាជាតិ ដែលដាក់​ប្រឆាំងទៅលើ​កម្មវិធីអភិវឌ្ឍន៍​អាវុធប្រល័យលោក របស់​របបដឹកនាំ​ទីក្រុង​ព្យុង​យ៉ាង​​ផង​ដែរ​។ វានឹងផ្តល់​ឲ្យក្រុមសមត្ថកិច្ច ចុះធ្វើអធិការ​កិច្ចក្នុងឱកាសច្រើនជាងមុន ដើម្បីដាក់បំរាម​លើការដឹកជញ្ជូន​ទំនិញគ្រប់បែបយ៉ាង ដែលអាច​ត្រូវយកទៅ​​ប្រើ​​ប្រាស់​​សម្រាប់​កម្មវិធី​មីស៊ីល-នុយក្លេអ៊ែរ។

គួរបញ្ជាក់ថា បទបញ្ញតិនាពេល​បច្ចុប្បន្ន ចាត់វត្ថុប្រមាណ​១០០ប្រភេទ ដែលពុំអនុញ្ញាត​ឲ្យធ្វើការដឹកជញ្ជូន​ចូលទៅកាន់​កូរ៉េខាងជើងនោះ​​ឡើយ ដោយសារតែ​ពួកវាប្រហែល​ជាត្រូវប្រើប្រាស សម្រាប់ការផលិត ធ្វើតេស្ត ឬស្រាវជ្រាវ គ្រាប់មីស៊ីល និងអាវុធនុយក្លេអ៊ែរ។ យ៉ាង​ណា​​មិញ​ ភាព​ចន្លោះ​ប្រហោងរបស់វា​នោះគឺថា វិធានការនេះ​បានផ្លាស់ប្តូរកម្រិត​លំហូរនៃទំនិញ​ទាំងអស់នោះ តែមិនអាច​កែប្រែគោលដៅ​របស់​ពួកវាបាន​នោះឡើយ ហើយមន្រ្តីរបស់​ទីក្រុងព្យុងយ៉ាង និងបណ្តា​ដៃគូពាណិជ្ជកម្ម​របស់ពួកគេ បានសម្របខ្លួន​យ៉ាងឆាប់រហ័សទៅតាមក្បួន​​ច្បាប់នេះ។ ពួកគេបានចាប់​ផ្តើមបំបែកសព្វាវុធ និងវត្ថុហាមឃាត់​ដទៃទៀត​ជាផ្នែកៗ ហើយបញ្ជូន​ពួកវាក្នុងទម្រង់ជា​ផ្នែក ឬជាវត្ថុធាតុដើម ដើម្បីបញ្ជៀស​ការដកហូត និងរឹបអូស៕