(ដាម៉ាស់)៖ យន្តហោះចម្បាំង​របស់ក្រុមសម្ព័ន្ធមិត្ត ដឹកនាំដោយ​សហរដ្ឋអាមេរិក បានបើក​ប្រតិបត្តិការ​ក្តៅគគុក ដោយទម្លាក់​គ្រាប់បែកទៅលើពន្ធនាគារមួយ​កន្លែង នៅភាគខាងកើតប្រទេសស៊ីរី ដែលត្រូវបាន​កាន់កាប់ដោយ​បណ្តាញ​ភេរវករ ISIS បានបណ្តាល​ឲ្យមនុស្ស ៥៧នាក់ស្លាប់ ក្នុងនោះភាគច្រើនជាជនស៊ីវិល​តែម្តង។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស​របស់អង់គ្លេស ប្រចាំប្រទេសស៊ីរី​បាននិយាយថា ការវាយប្រហារនោះ​បានកើតមាន​ឡើងតាំងពីថ្ងៃចន្ទដើម​សប្តាហ៍នេះ​មកម្ល៉េះ ដោយគ្រាប់បែក​បានធ្លាក់ទៅលើ​ពន្ធនាគារ Mayadin ស្ថិតនៅ​ភាគ​ខាងត្បូងទីក្រុង Raqqa នៃភាគខាងកើត​ប្រទេសស៊ីរី។ ប្រធាន​ក្រុមអ្នកឃ្លាំ​មើលខាងលើ គឺលោក Rami Abdel Rahman បានប្រាប់​ទីភ្នាក់ងារព័ត៌មាន AFP ថា «ការវាយប្រហារ ត្រូវបានធ្វើឡើង​ទៅលើអគារ Mayadin ដែលត្រូវបាន​ក្រុមភេរវករ ISIS យកធ្វើជាគុក ដោយបានបណ្តាលឲ្យទណ្ឌិតចំនួន ៤២នាក់ និងក្រុមសកម្មប្រយុទ្ធ​ជីហាដ ១៥នាក់ បាត់បង់ជីវិត»។

គួរបញ្ជាក់ថា សម្រាប់ទណ្ឌិតទាំង ៤២នាក់នោះ គឺភាគច្រើនជាជនស៊ីវិល ដែលត្រូវបានក្រុម ISIS ពង្រត់យកពីក្រុមកងកម្លាំងស៊ីរីសេរី FSA ដើម្បីទុកធ្វើជាខែលការពារខ្លួន។ ប្រសិនបើមានការបញ្ជាក់ជាផ្លូវការ​បន្ថែមទៀតនោះ វាប្រាកដណាស់ថាការវាយប្រហារខាងលើនេះ គឺជាការបង្កឲ្យមាន​មនុស្សស្លូតត្រង់​ស្លាប់​ច្រើន​ជាងគេបំផុតនៅក្នុង​សង្គ្រាមប្រទេសស៊ីរី ចាប់តាំងពីការលូកដៃរបស់អាមេរិកពីឆ្នាំ២០១៤ មកដល់បច្ចុប្បន្ន៕