(តូក្យូ)៖ កងកម្លាំងស្វ័យការពារ​នៃប្រទេសជប៉ុន (JSDF) កំពុងរៀបចំបង្កើន​សមត្ថភាពប្រយុទ្ធ​របស់ យន្តហោះ​ចម្បាំងធុន F-35 តាមរយៈ​ការ​​បំពាក់មីស៊ីល​ដ៏ទំនើប Joint Strike Missile (JSM) ដែលរចនាឡើង​ដោយក្រុមហ៊ុនផ្គត់ផ្គង់​សព្វាវុធ Kongsberg Defence Systems របស់​ប្រទេស​ន័រវេស។ នេះបើតាម​ការចេញផ្សាយ​ដោយ​ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃពុធ ​ទី២៨ ខែមិថុនា ឆ្នាំ២០១៧។

ក្នុងនាម​ជាកងកម្លាំង​សម្រាប់តែការ​ការពារខ្លួន JSDF តែងតែមាន​ការស្ទាក់ស្ទើរ​ចំពោះការទិញ​សព្វាវុធទំនើបៗ​ដើម្បី​​ទុក​សម្រាប់​​ការ​វាយ​ប្រហារ ក៏ប៉ុន្តែគោលជំហរ​របស់ទីក្រុងតូក្យូ​កំពុងតែផ្លាស់ប្តូរ ដោយសារ​តែការគំរាមកំហែង​ពោរពេញដោយ​សក្តានុពលជាច្រើន កំពុងលេច​ឡើង​ក្នុងតំបន់ឧបទ្វីប​កូរ៉េ និងនៅសមុទ្រចិនខាងត្បូងក៏ដូចជា​ខាងកើត។ ចំណែក​ការបង្កើនសមត្ថភាព​ប្រយុទ្ធដល់​យន្តហោះចម្បាំងធុន F-35 បែបនេះ គឺគ្រាន់តែជា​ការសម្រេចចិត្ត​ជាធម្មតាមួយ​ប៉ុណ្ណោះ សម្រាប់ជប៉ុន​នៅចំពោះមុខ​ស្ថានការណ៍វិវឌ្ឍន៍​ក្នុងតំបន់​ដូចបច្ចុប្បន្ននេះ ហើយ​យោងតាម​រដ្ឋាភិបាល​ទីក្រុងតូក្យូ រដ្ឋធម្មនុញ្ញ​របស់​ប្រទេសជប៉ុន ក៏ពុំរារាំង​កងកម្លាំង JSDF មិនឲ្យវាយប្រហារ​ទៅលើកងទ័ព និងមូល​ដ្ឋានយោធា​របស់បរទេស​ទាំងស្រុង​នោះដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Kongsberg បានរចនា និងអភិវឌ្ឍន៍មីស៊ីល JSM ដើម្បីធ្វើជាប្រព័ន្ធ​សព្វាវុធទំនើប​ទាន់សម័យមួយ សម្រាប់យន្តហោះ​​ចម្បាំង F-35 ថ្មីរបស់​ប្រទេស​ន័រវេសផ្ទាល់ ហើយមីស៊ីល​ក៏ដូចជាគ្រាប់បែកនេះ​ មានសមត្ថភាព​ក្នុងបំពេញ​បេសកកម្មជា​ច្រើនប្រភេទ និងអាច​ប្រើប្រាសសម្រាប់វាយប្រហារ​ទៅលើ គោលដៅដែលស្ថិតនៅរយៈចម្ងាយរហូតដល់ទៅ ៣០០គីឡូម៉ែត្រ៕