(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបង្ហាញខ្លួនជាសាធារណៈឡើងវិញ បន្ទាប់ពីបាន​បាត់មុខបាត់មាត់អស់រយៈពេល​​មួយសប្តាហ៍ និងមានលេច​លឺពាក្យ​ចចាមអារ៉ាម ក៏ដូចជាក្តីព្រួយបារម្ភថា រូបលោកមាន​បញ្ហា​ខុសភាព​ធ្ងន់ធ្ងរ ហើយទន្ទឹមនឹង​នេះរដ្ឋាភិបាល​ហ្វីលីពីន ​ក៏បានធ្វើការបញ្ជាក់អះអាងផងដែរថា លោក ឌូតឺតេ ពុំបានជួបប្រទះបញ្ហាសុខភាព​អ្វីនោះឡើយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញ​ ដោយសារព័ត៌មានថៃ​បាងកកប៉ុស្តិ៍ នៅព្រឹក​ថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។

លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានចំណាយពេល​ប្រមាណ ២៥នាទី ដើម្បីធ្វើការថ្លែង​សុន្ទរៈកថា មួយនៅឯវិមានប្រធានាធិបតី កាលពីល្ងាច​ថ្ងៃអង្គារ​ម្សិលមិញ​នេះ ហើយនាឱកាសនោះ​លោកក៏បាននិយាយ​វាយប្រហារ​ធ្ងន់ធ្ងរៗ ទៅលើក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម សម្រាប់ការ​ដណ្តើម​​កាន់កាប់​ក៏ដូចជា​គ្រប់គ្រង​ដ៏បង្ហូរឈាម នៅក្នុងទីក្រុង Marawi ភាគខាងត្បូង​ប្រទេស ក៏ប៉ុន្តែ​លោក ឌូតឺតេ មិនបាន​លើកឡើង​ពាក់ព័ន្ធនឹង​មូលហេតុ ដែលបានធ្វើ​ឲ្យរូបលោក​អវត្តមាន​អស់ជាច្រើន​ថ្ងៃ ពីក្រសែ​ភ្នែក​សាធារណៈជន​នោះទេ។

ដោយសារតែការ​បាត់មុខបាត់មាត់​ខុសពី​ធម្មតារបស់ លោក ឌូតឺតេ ពាក្យចចាមអារ៉ាមក៏បានលេច​ឡើងថា សុខភាពរបស់​លោកប្រធានាធិបតី​​​ហ្វីលី​ពីន​​​វ័យ​ ៧២​ឆ្នាំរូប​នេះ កំពុងតែធ្លាក់​ចុះដុនដាប ហើយរដ្ឋាភិបាល​កំពុងព្យាយាម​បិទបាំងរឿងនេះ។ ឆ្លើយតប​ទៅនឹងសំណួរ​ពីក្រុមអ្នកសារ​​ព័ត៌មាន​ពាក់ព័ន្ធ​ទៅនឹងការមិន​បង្ហាញខ្លួន​ជាច្រើន​ថ្ងៃ​នេះរបស់ លោក ឌូតឺតេ អ្នកនាំពាក្យ​របស់លោក​គឺ លោក Ernesto Abella បានឲ្យដឹងថា ​លោក ឌូតឺតេ មានសុខភាពល្អ​ដូចដើម និងកំពុងតែដឹកនាំ​ប្រទេសជាតិ​តាមធម្មតា ដោយលោក​ប្រធានាធិបតី​គ្រាន់តែ​រវល់បំពេញការងារដែល​​ចាំ​បាច់​ប៉ុណ្ណោះ​។

គួរបញ្ជាក់ថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ត្រូវបានគេឃើញ​ជាលើកចុងក្រោយ​កាលពី​ថ្ងៃទី២០ ខែមិថុនា នៅក្នុងទីក្រុង​ចំនួនពីរ ដែលស្ថិតនៅ​ជិត​ទីក្រុង Marawi ដើម្បីចុះសួរ​សុខទុក្ខ​ពលទាហាន និងប្រជាជន​ដែលបាន​ភៀសខ្លួន៕