(ព្រុចសែល)៖ ក្រុមឃ្លាំមើលទីផ្សារប្រកួតប្រជែង​របស់សហភាពអឺរ៉ុប (EU) បានសម្រេច​ពិន័យក្រុមហ៊ុន​បច្ចេកវិទ្យាលំដាប់ថ្នាក់​ពិភពលោក Google ជាទឹកប្រាក់ចំនួន ២.៧២ពាន់លានដុល្លារ​សហរដ្ឋអាមេរិក ដោយសារ​ការល្មើសច្បាប់​​ស្តីពីការប្រកួតជ្រែង ទីផ្សារ​ជុំវិញ​ការ​ផ្តល់​​សេវា​កម្ម​លក់​​ទំនិញ​អន​ឡាញ​។ នេះ​បើ​តាម​ការ​​ចេញ​ផ្សាយ​ដោយ​​សារព័ត៌មាន USA TODAY នៅល្ងាច​ថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។

ក្រុមនិយ័តកររបស់ EU បានឲ្យដឹងថា ក្រុមហ៊ុន Google បានប្រើប្រាស់​ឥទ្ធិពលដែលខ្លួនមាន​ នៅលើទីផ្សារក្នុង​នាមជា Search Engine ដ៏ពេញនិយម ​(វែបសាយ​សម្រាប់ស្វែងរកវែបសាយ​ដទៃផ្សេងទៀត​ នៅលើបណ្តាញ​អ៊ីនធើណែត) ​មួយ​នោះ ក្នុងផ្លូវខុស តាមរយៈការផ្តល់​អត្ថប្រយោជន៍​​មិនស្របច្បាប់​មួយ ទៅឲ្យផលិតផល Google មួយផ្សេង​ទៀត ដែលជាសេវា​លក់ទំនិញ​អនឡាញ។

គណៈកម្មការអឺរ៉ុប​ដែលជាអ្នកបង្កើត និងត្រួតពិនិត្យការអនុវត្តន៍​តាមច្បាប់ប្រកួត​ប្រជែងរបស់ EU នោះ បានទុកពេលឲ្យ​ក្រុមហ៊ុនអាមេរិក​មួយនេះ រយៈពេលចំនួន​៩០ថ្ងៃដើម្បីបញ្ឈប់ទង្វើនេះ បើមិនចង់បង់ប្រាក់ពិន័យ​ដែលស្មើនឹង​០៥ភាគរយ នៃប្រាក់ចំណូលប្រចាំថ្ងៃ​ទូទាំងពិភពលោក​​របស់ក្រុមហ៊ុន Alphabet ដែលជាម្ចាស់គ្រប់គ្រង​របស់ Google ទេនោះ៕