(ម៉ូស្គូ)៖ រុស្ស៊ី​បានលក់នាវាចម្បាំងប្រមាណ​៥០គ្រឿង គិតជាទឹកប្រាក់​សរុប​ចំនួន ២៤ពាន់លានដុល្លារអាមេរិក គិតចាប់តាំងពី​ឆ្នាំ២០០០មក។ នេះបើតាម​ប្រភពពីភ្នាក់ងារ​នាំចេញនាំចូល ផលិតផល​ពាក់ព័ន្ធនឹង វិស័យការពារជាតិ​របស់រុស្ស៊ី ចុះផ្សាយដោយ​សារព័ត៌មានស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។

«មួយក្នុងចំណោម០៣គ្រឿង នៃនាវាដែល​បានលក់ គឺជានាវាមុជទឹក»។ នេះបើតាមសម្តីលោក Alexander Mikheyev ប្រធានគ្រប់គ្រង​ទូទៅនៃក្រុមហ៊ុន Rosoboronexport ដែលជាភ្នាក់ងារ​កណ្តាលផ្នែកលក់​ ព្រមទាំងគ្រប់គ្រងការនាំចេញ និងនាំចូលផលិតផល ពាក់ព័ន្ធនឹង​វិស័យការពារជាតិ​របស់រុស្ស៊ី បានឲ្យដឹងតាម​រយៈរបាយការណ៍។ លោក Mikheyev បាន​បន្ថែមថា អត្រានៃការលក់នាវាចម្បាំង គឺស្មើនឹង​១២ភាគរយ នៃការនាំចេញ​អាវុធសរុប ដោយភ្នាក់ងារ​បស់លោក។

ក្រុមហ៊ុន Rosoboronexport រំពឹងថា ខ្លួននឹងចុះហត្ថលេខា​លើកិច្ចព្រមព្រៀងថ្មីមួយ នៅក្នុងពិព័រណ៌ 8th International Maritime Defense Show ឬហៅកាត់ថា IMDS-2017 ដែលគ្រោង​នឹងបើកនៅ​ថ្ងៃពុធខាងមុខ ក្នុងទីក្រុង St. Petersburg ជាទីក្រុងធំជាង​គេបំផុត​លំដាប់ទី២​របស់រុស្ស៊ី ប៉ុន្តែលោក Mikheyev មិនបានបញ្ជាក់​ពីអត្តសញ្ញាណ​របស់អ្នកទិញនោះទេ។

យោងតាមវិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាពអន្តរជាតិ Stockholm ដែលហៅ​កាត់ថា SIPRI បានបង្ហាញថា រុស្ស៊ីជាប្រទេស​មួយ​ស្ថិតក្នុងចំណោម ប្រទេសចំនួន០៥កំពូលៗ ដែលជាអ្នកនាំចេញ​អាវុធច្រើន​ជាងគេបំផុត ពីអំឡុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ ជាពេលដែលប្រទេសរុស្ស៊ី បានដឹកបញ្ជូនអាវុធ​ទៅកាន់ប្រទេស​សរុបចំនួន៥០ នៅទូទាំងសកលលោក។

SIPRI បានឲ្យដឹងទៀតថា ការលក់អាវុធរួម​បញ្ចូលគ្នា នៃក្រុមហ៊ុនចំនួន​១១របស់រុស្ស៊ី ក្នុងនោះគឺនិយាយពីការលក់អាវុធកំពូលៗទាំង១០០ នៅឆ្នាំ២០១៥ មានចំនួនជាទឹកប្រាក់ ៣០.១​ពាន់លានដុល្លារអាមេរិក ស្មើនឹង៨.១ភាគរយ នៃការលក់​អាវុធកំពូលៗទាំង១០០ សរុបនៅទូទាំងសកលលោក​ក្នុងឆ្នាំ២០១៥៕