(ប៉េកាំង)៖ ព្យុះភ្លៀង​ដែលបាន និងកំពុងបន្តធ្លាក់​ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅផ្នែកនៃខេត្ត Anhui, Hunan, Zhejiang និងខេត្ត Guizhou ប្រទេសចិន បានបណ្តាលឲ្យប៉ះពាល់ដល់មនុស្ស យ៉ាងហោចណាស់ ៣.៥លាននាក់ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ។ នេះបើយោង​តាមសារព័ត៌មានស៊ិនហួ ដែលត្រូវបានដកស្រង់ការផ្សាយនារសៀលថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។

​នៅភាគខាងកើត និងខាងត្បូងខេត្ត Hunan ព្យុះភ្លៀងបានបណ្តាលឲ្យមាន​កម្រិតទឹកភ្លៀងកម្ពស់ ១៥០មីលីម៉ែត្រ នៅក្នុងតំបន់មួយចំនួន ត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ ហើយបានបំផ្លាញផ្ទះជាង២,១០០ខ្នង និងបង្ខំឲ្យ​មានការជម្លៀស​មនុស្ស​ប្រមាណ ១៦៣,០០០នាក់ ហើយក្នុងនោះ​ដំណាំជិត​១២០ហិកតា ក៏ត្រូវបានបំផ្លាញ​ផងដែរ។ តាមរយៈការព្យាករណ៍ ភ្លៀងធ្លាក់ខ្លាំង​នឹងបន្តកើតឡើង​នៅក្នុងខេត្ត Hunan រយៈពេល០៥ថ្ងៃបន្តទៀត។

នៅក្នុងខេត្ត ​Guizhou ភ្លៀងធ្លាក់​បាន​បណ្តាលឲ្យមនុស្ស​០៩នាក់ស្លាប់ និង០៤នាក់កំពុងបាត់ខ្លួន, មនុស្សជាង៥៧,០០០នាក់ ត្រូវបានជម្លៀសខ្លួន, ផ្ទះ១២,០០០ខ្នង ត្រូវបានបំផ្លាញ និងផលដំណាំ៥៦០ហិកតា ត្រូវបានបំផ្លេចបំផ្លាញ។ គ្រោះ​មហន្តរាយនេះ ក៏បានបណ្តាលឲ្យ​​ប្រាក់​១.៣ពាន់លានយ័ន (ប្រមាណ​១៩០លានដុល្លារអាមេរិក) ត្រូវបានខាត​បង់ដោយផ្ទាល់លើ​វិស័យសេដ្ឋកិច្ច។ ក្រុមមន្ត្រីនៃ​មន្ទីរកិច្ចការ​ស៊ីវិលក្នុងតំបន់​បាន និងកំពុងបញ្ជូន​ជំនួយជាចំណីអាហារ ទៅកាន់តំបន់ដែល​រងផលប៉ះពាល់។

បន្ថែមពីនេះនៅក្នុងខេត្ត Anhui ភ្លៀងធ្លាក់យ៉ាងខ្លាំង បានបណ្តាលឲ្យ​មនុស្សម្នាក់ស្លាប់, ផ្ទះជាង៧០០ខ្នង ត្រូវបានបំផ្លាញ និងផលដំណាំ២៥.៨ហិកតា ត្រូវបានបំផ្លាញ។ ចំណែកក្នុងខេត្ត​ Zhejiang វិញ ភ្លៀងធ្លាក់ខ្លាំង បានបង្ខំឲ្យមានការ​ជម្លៀសមនុស្ស ប្រមាណ១៥០,០០០នាក់, បណ្តាលឲ្យ​ខាតបង់សេដ្ឋកិច្ចផ្ទាល់ ប្រមាណ១ពាន់លានយ័ន ខណៈអាងស្តុកទឹក​ចំនួន៤០កន្លែងកំពុងហូរហៀ៕