(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបពិភាក្សា​ការងារជាមួយ​នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី ដែលកំពុងបំពេញដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេលពីរថ្ងៃ​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន ដោយមេដឹកនាំកំពូលទំាងពីរ​ក៏បានសារទរផងដែរ ចំពោះទំនាក់ទំនងទ្វេភាគី​​ព្រមទាំងសន្យាថា នឹងបង្កើន​កិច្ចសហប្រតិបត្តិការ​លើវិស័យ​ពាណិជ្ជកម្ម និងប្រឆាំង​អំពើភេរវកម្ម។ នេះបើតាមការ​ចេញផ្សាយដោយទីភ្នាក់ងារ​សារព័ត៌មាន​ចិនស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។

ថ្លែងតាមកញ្ចក់​ទូរទស្សន៍ពីសួន​ច្បារសេតវិមាន លោក ដូណាល់ ត្រាំ បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពី​ជំនួបរបស់​ពួកយើង​នៅថ្ងៃនេះ ខ្ញុំអាចនិយាយ​បានថា ទំនាក់ទំនងរវាងឥណ្ឌា និង​សហរដ្ឋអាមេរិក មិនដែល​រឹងមំា និងល្អដូចពេល​នេះទេ... ហើយទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុងញូដេលី នឹងនៅតែ​ភ្ជាប់ទំនាក់ទំនង​ជាមួយគ្នា​ជានិច្ច​ ក្នុងលក្ខណៈមិត្តភាព និងការគោរពគ្នាទៅវិញ»។ ដោយឡែក​ឆ្លើយតប ទៅនឹងការលើកឡើង​នេះដែរ លោក ណារិនដ្រា មូឌី ក៏បានកត់សម្គាល់​ផងដែរពី​សារៈសំខាន់​ នៃជំនួបជាមួយលោក ត្រាំ ដែលត្រូវ​បានលោក ចាត់ទុកថា ជាប្រវត្តិសាស្ត្រ​នៃកិច្ចសហប្រតិបត្តិការ​រវាងប្រជាជាតិ​ទាំងពីរ។

គួរបញ្ជាក់ថា បើតាម​លោក ណារិនដ្រា មូឌី អាទិភាពជាចម្បង​សម្រាប់លោក និងលោក ដូណាល់ ត្រាំ គឺការពារប្រជាជន​របស់ខ្លួន​ពីក្រុមអង្គការភេរវករ​គ្រប់ទម្រង់​ទំាងអស់ បើទោះជា​ប្រទេសទំាងពីរ កំពុងមានការខ្វែងគំនិតគ្នា​លើគោលនយោបាយ​ពាណិជ្ជកម្ម របស់លោក ត្រាំ ក៏ដោយ។ កាលពីឆ្នាំ២០១៦ សហរដ្ឋអាមេរិក ធ្វើពាណិជ្ជកម្ម​ជាមួយឥណ្ឌា​ក្នុងទំហំ​ទឹកប្រាក់ ១១៤.៨ពាន់លានដុល្លារ ក៏ប៉ុន្តែឱនភាព​ពាណិជ្ជកម្មជា​មួយឥណ្ឌា​មានរហូតដល់ ៣០.៨ពាន់លានដុល្លារ។ នេះបើតាមតួរលេខ​ផ្ដល់ដោយ​ក្រុមមន្ត្រី​អាមេរិក។

ទោះបីជាបែបនេះក្តី ឥណ្ឌាត្រូវបានចាត់ទុកជា​មហាយក្សទីពីរ​ប្រចាំតំបន់អាស៊ី បន្ទាប់ពី​ប្រទេសចិន ដែលមានសេដ្ឋកិច្ច​រីកលូតលាស់ខ្លាំង និងប្រជាជនរហូត​ដល់ទៅជាង ១,២០០លាននាក់ ហើយ​បន្ថែមពីនេះ ទំនាក់ទំនង​ចិន និងឥណ្ឌា ក៏មិនសូវជាល្អ​ប៉ុន្មាននោះដែរ ដោយសារតែ​បញ្ហាតានតឹងនៅ​តំបន់ព្រំដែននៃ​ប្រទេសទាំងពីរ និងការគាំទ្ររបស់​រដ្ឋាភិបាលឥណ្ឌា ចំពោះសម្តេច​សង្ឃ ដាឡៃឡាម៉ា ដែលជា​មេដឹកនាំ​សាសនាបែប​និរទេស និងមានទំនោរទាមទារ​ឯករាជ្យនៅតំបន់ទីបេ ប្រឆាំងនឹង​រដ្ឋាភិបាលប៉េកាំង៕