(ម៉ូស្គូ)៖ ខណៈ​សហរដ្ឋអាមេរិក កំពុងពិភាក្សាគ្នា​ពីរបៀបគ្រប់គ្រង​ការហោះហើរ​យន្ដហោះចម្បាំង​ថ្មីដូចជា F-35 នៅឯពិធីដាក់តាំង​បង្ហាញយន្ដហោះ Paris Air Show អគ្គនាយកក្រុមហ៊ុនផលិត​យន្ដហោះ​ចម្បាំងរុស្ស៊ី MiG លោក Ilya Tarasenko បានអះអាង​ថា ខ្លួនមានគំរោងដាក់ឱ្យ​ដំណើរការយន្ដហោះ​ចម្បាំងជំនាន់​ថ្មី MiG-35 ហើយដែល​ការធ្វើ​តេស្ដសាកល្បងជាលើកដំបូង អាចនឹងត្រូវធ្វើឡើង​យ៉ាងយូរនៅចុង​ឆ្នាំ២០១៧ ឬដើម​ឆ្នាំ២០១៨។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។

MiG-35 គឺជាយន្ដហោះ​ចម្បាំង​ជំនាន់ថ្មី ដែលអភិវឌ្ឍន៍ចេញពីយន្ដហោះ​ធុន MiG-29 ដោយត្រូវ​ចំណាយពេល​ជាង១០ឆ្នាំ។ ជាមួយគ្នានោះដែរ បើតាម​លោក Ilya Tarasenko ក្រុមមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី មិនទាន់មាន​បំណងបង្ហាញពី​ចំនួនយន្ដហោះ​ចម្បាំង​ប្រភេទថ្មី MIG នោះទេ ក៏ប៉ុន្តែមេបញ្ជាការទ័ពអាកាសរុស្ស៊ី​បានបញ្ជាក់ថា ពួកគេ​មានគំរោង​នឹងដាក់ឱ្យ​ដំណើរការ MiG-35 ជំនួស MIG-29​ ខណៈយន្ដហោះ​ចម្បាំងធុន MiG-29​ ជាង ៣៥០គ្រឿង កំពុងធ្វើ​ប្រតិបត្តិការ​ជាមួយយន្ដហោះ​ចម្បាំង Sukhoi Su-27 Flanker និង MiG-21 Foxhound។

គួរបញ្ជាក់ថា យន្ដហោះ MiG-35 នឹងត្រូវចូលរួម​ជាមួយកងកម្លំាងទ័ព​អាកាសរុស្ស៊ី នៅឆ្នាំ២០១៨ ហើយអាចនឹង​ត្រូវដាក់លក់លើ​ទីផ្សារ​នៅឆ្នាំ២០២០៕