(បាងកក)៖ សកម្មជនការពារសិទ្ធិមនុស្សថៃម្នាក់ ត្រូវបានចោទប្រកាន់ជាផ្លូវការនៅថ្ងៃចន្ទនេះ ពីបទប្រឆំាងនឹងបទបញ្ជារបស់រដ្ឋាភិបាលយោធាថៃ ហើយដែលនេះគឺជាការចាប់ខ្លួន អ្នករិះគន់ចុងក្រោយបំផុតសម្រាប់ការធ្វើសកម្មភាពជាប់បម្រាម គិតចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។​

លោក Rangsiman Rome មានអាយុ២៥ឆ្នាំ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃអាទិត្យ និងត្រូវបានព្រះរាជអាជ្ញាយោធាថៃម្នាក់ក្នុងទីក្រុងបាងកក ចោទប្រកាន់ចំនួន០៤ករណី ក្នុងនោះរួមមានការប្រមូលផ្ដុំការជួបជុំដោយខុសច្បាប់ កាលពីឆ្នាំ២០១៥ និងការធ្វើសកម្មភាពប្រឆាំងនឹងបទបញ្ជារបស់រដ្ឋាភិបាលយោធាថៃ តាមរយៈការចែកខិតប័ណ្ឌ រិះគន់លើ ការបោះឆ្នោតប្រជាមតិស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងឆ្នាំ២០១៦ជាដើម។

គួរបញ្ជាក់ថា រដ្ឋាភិបាលយោធា របស់លោកនាយករដ្ឋមន្ត្រី បា្រយុទ្ធ ចាន់អូចា បានឡើងកាន់អំណាចដោយការធ្វើរដ្ឋប្រហារយោធាមួយកាលពីឆ្នាំ២០១៤ ហើយបន្ទាប់ពីបានក្ដាប់ អំណាច ពួកគេបានសន្យាថានឹងរៀបចំសណ្ដាប់ធ្នាប់នៅក្នុងប្រទេសឡើងវិញ បន្ទាប់ពីមានការបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋអំណាច។ ក៏ប៉ុន្តែចាប់ពីនោះមកដែរ រដ្ឋាភិបាលយោធាបាន ចាប់ផ្ដើមបង្រ្កាប ឬរឹតត្បិតលើសកម្មជនការពារសិទ្ធិមនុស្ស និងបណ្ដាញផ្សព្វផ្សាយទាំងឡាយណាដែលហ៊ានរិះគន់ខ្លួន ព្រមទំាងបានហាមឃាត់ការជួបជុំគ្នាចាប់ពីមនុស្ស០៥នាក់ ឡើងទៀតផង៕