(តូក្យូ)៖ ក្រុមហ៊ុនជប៉ុនឯកទេសផលិតពោងការពារសុវត្ថិភាពសម្រាប់រថយន្ដ Takata បានសម្រេចចិត្តដាក់ សំណើការពារការក្ស័យធននៅក្នុងសហរដ្ឋអាមេរិក និងជប៉ុន ហើយថែមទាំងនិយាយដែរថា ខ្លួនអាចនឹងត្រូវបានទិញដោយក្រុមហ៊ុនជាគូប្រជែង​ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក Key Safety Systems ទៀតផង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។ 

ជាមួយគ្នានោះដែរ ជុំវិញការប្រកាសដាក់សំណើការពារការក្ស័យធននេះ ក្រុមហ៊ុន Takata បានបដិសេធក្នុងការធ្វើអត្ថធិប្បាយទៅកាន់អ្នកសារព័ត៌មាន ប៉ុន្តែបើតាមសារព័ត៌មានជប៉ុន ក្រុមហ៊ុនផលិតបរិក្ខាសុវត្ថិភាពរថយន្ដមួយនេះ អាចនឹងត្រូវបានទិញយកដោយក្រុមហ៊ុន Key Safety Systems ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន Ningbo Joyson Electronic ក្នុងតម្លៃជាង ១.៦ពាន់លានដុល្លារ។

គួរបញ្ជាក់ថា ពាក្យចចាមអារ៉ាមថាក្រុមហ៊ុន Takata ក្ស័យធន បានលេចលឺឡើងអស់រយៈពេលជាច្រើនថ្ងៃមកហើយ ខណៈបំណុលសរុប របស់ក្រុមហ៊ុននេះ អាចនឹងកើនឡើង ដល់១,៧ ពាន់លានដុល្លារ ហើយបំណុលនេះអាចនឹងត្រូវយកទៅពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្ដ ដែលជាអតិថិជនរបស់ខ្លួន។ ចំណែកឯក្រុមហ៊ុន Key Safety Systems ក៏មានបំណងរក្សាបុគ្គលិកក្រុមហ៊ុន Takata​ ស្ទើតែទាំងស្រុងក្នុងចំណោមបុគ្គលិកជាង៦០,០០០នាក់ នៅក្នុងប្រទេសចំនួន២៣ និងជប៉ុនផងដែរ នៅក្នុងករណីមានការទិញយក មែននោះ៕