(ប៉េកាំង)៖ ចំនួនមនុស្ស​បាត់ខ្លួន​ដោយសារគ្រោះរអិលបាក់ដី​ដ៏សាហាវមួយ នាព្រឹកថ្ងៃសៅរ៍នេះ ដែលបានវាយប្រហារលើខេត្តស៊ីឈាន់ (Sichuan) ​ភាគនិរតី​នៃ​ប្រទេស​ចិន និង​​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែងប្រជាជនប្រមាណ៤៦ខ្នងនោះ បានកើនដល់១៤១នាក់។ នេះបើតាមការឲ្យ​ដឹង​ពីរដ្ឋបាលថ្នាក់តំបន់ ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០១។

គួរបញ្ជាក់ថា គ្រោះរអិលបាក់ដី​ខាងលើមានប្រភពមកពីផ្នែកខាងលើ​នៃភ្នំដ៏ធំមួយ នៅក្នុងតំបន់ស្វយ័តទីបេ និង Qiang បានវាយប្រហារ​ចំលើភូមិ Xinmo ក្នុងស្រុក Maoxian នៃខេត្តស៊ីឈាន់ កាលពីវេលាម៉ោង​ប្រហែលជា ៦៖០០នាទីព្រឹកថ្ងៃសៅរ៍នេះ ហើយបាន​បង្កការរាំងស្ទះ​ដល់កំណាត់​ទន្លេប្រវែងពីរ​គីឡូម៉ែត្រ និងលុបផ្លូវថ្នល់ធ្វើដំណើរ​ចម្ងាយ ១,៦០០ម៉ែត្រ។ ជាមួយគ្នានេះ រដ្ឋបាលថ្នាក់ខេត្ត ក៏បានបញ្ជូន​ក្រុម​ប្រតិបត្តិ​ការ​សង្រ្គោះ​​បន្ទាន់រាប់រយនាក់ ទៅកាន់តំបន់រង​គ្រោះផងដែរ ប៉ុន្តគេនៅមិនទាន់អាចបញ្ជាក់ពីចំនួនមនុស្សរងរបួស ឬក៏បាត់បង់ជីវិតនៅឡើយទេ៕