(ក្វេតតា)៖ ករណីបំផ្ទុះគ្រាប់បែកពីរករណីធំៗ និងការបាញ់ប្រហារលើកងកម្លាំងប៉ូលិស កើតឡើងនៅភាគនិរតី ពាយ័ព្យ និងភាគខាងត្បូង ប្រទេសប៉ាគីស្ថាននៅ​ថ្ងៃសុក្រសប្តាហ៍នេះ បានបណ្តាលឲ្យ​មនុស្សសរុប ៤៤នាក់ស្លាប់ និងរាប់សិបនាក់រងរបួស ដោយក្នុងនោះការបំផ្ទុះរថយន្ត​អត្តឃាត​នៅទីក្រុងក្វេតតា បានសម្លាប់មនុស្ស ១៣នាក់, ការបាញ់ប្រហារប៉ូលិសស្លាប់អស់ ០៤នាក់ និងការបំផ្ទុះនៅទីក្រុង Parachinar សម្លាប់មនុស្ស ២៤នាក់​ក្នុងថ្ងៃតែមួយម្តង ខណៈក្រុមរដ្ឋអ៊ីស្លាម ISIS អះអាងថា ខ្លួនជាអ្នកស្ថិតនៅពីក្រោយរឿងនេះ។ នេះបើតាមការ​ចេញផ្សាយដោយ Channel News Asia ដកស្រង់ពី Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រនោះប៉ូលិសប៉ាគីស្ថានបានរាយការណ៍ថា  មនុស្សយ៉ាងហោចណាស់១៥នាក់ស្លាប់ និង៧០នាក់ផ្សេងទៀត បានទទួលរងរបួស បន្ទាប់ពីហេតុការណ៍បំផ្ទុះ​គ្រាប់​បែក​ពីរ​គ្រាប់ ​បានវាយប្រហារទៅ​លើផ្សារ​មួយកន្លែង នៅទីក្រុង Parachinar នៃតំបន់ Kurram ភាគពាយ័ព្យ​នៃប្រទេសប៉ាគីស្ថាន ប៉ុន្តែមួយថ្ងៃក្រោយមកចំនួនអ្នកស្លាប់បានកើនឡើង។ បន្ថែមពីនេះក៏មានការបាញ់​ប្រហារ​កើតឡើងនៅទីក្រុងការ៉ាជីភាគខាងត្បូងប្រទេស បណ្តាលឲ្យមនុស្សមន្ត្រីប៉ូលិស០៤នាក់ស្លាប់នៅល្ងាចថ្ងៃសុក្រ។

ក៏ដូចគ្នានោះដែរ នៅថ្ងៃដដែលករណីបំផ្ទុះគ្រាប់បែកមួយផ្សេងទៀត ក៏បានកើតមានឡើងផងដែរ នៅប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែង ក្នុង​ទីក្រុង Quetta ភាគនិរតីនៃប្រទេសអាស៊ីខាងត្បូងមួយនេះ ដែលបានបណ្តាលឲ្យមនុស្សសរុប១១ស្លាប់ រួមមានទាំងមន្រ្តីប៉ូលិសចំនួន០៥​រូប និង១៦នាក់ផ្សេងទៀត​បានទទួលរងរបួស ហើយក្រោយមកចំនួនអ្នកស្លាប់ក៏បានកើនឡើងដូចគ្នា ដោយសរុប​ក្នុងករណីបំផ្ទុះ​គ្រាប់បែកអត្តឃាតធំៗខាងលើនេះ បានបង្កមនុស្សស្លាប់ ៤០នាក់ គិតត្រឹមព្រឹកថ្ងៃសៅរ៍៕