(ប៉េកាំង)៖ ក្នុងអំឡុងពេលប៉ុន្មាន​ខែចុងក្រោយនេះ អត្រានៃការនាំចូលទំនិញ​កូរ៉េខាងជើង​មកកាន់ប្រទេសចិន មានការថយចុះគួរឲ្យ​កត់​សម្គាល់ ដែលជាលទ្ធផល​នៃវិធានដាក់បំរាម​របស់ទីក្រុងប៉េកាំង​ទៅលើរ៉ែធ្យូងថ្ម របស់របបដឹកនាំ​ទីក្រុងព្យុងយ៉ាង ដោយ​អនុ​ឡោម​​តាម​ទណ្ឌកម្ម​របស់អន្តរជាតិ ដែលត្រូវបានដាក់ទៅលើ​រដ្ឋកុម្មុយនិស្តមួយនេះ ក៏ប៉ុន្តែចំណាត់ការនេះ​ហាក់បីដូចជា​ពុំមានប្រសិទ្ធភាព​អ្វីបន្តិចសោះឡើយ ចំពោះ​កូរ៉េខាងជើង ហើយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏បានទទួល​ស្គាល់ផងដែរថា ចិនបានបរាជ័យ​ក្នុងការដោះស្រាយ​បញ្ហានេះ​។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារ​ព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ ​នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០១៧។

ប្រទេសចិន​ដែលជាអ្នកចូលរួមចំណែក​យ៉ាងធំធេង គឺជាង៩០ភាគរយ​នៃការធ្វើពាណិជ្ជកម្ម​គ្រង់ទម្រង់របស់​កូរ៉េខាងជើង បានធ្វើការនាំចូល​​ផលិតផលពី​សម្ព័ន្ធមិត្តដ៏​យូរអង្វែងរបស់ខ្លួន​មួយនេះ កាន់តែតិចទៅៗ​ពីមួយខែ​ទៅមួយខែ គិតចាប់តាំងតែពី​ទីក្រុងប៉េកាំង បានសម្រេចផ្អាក​​ការ​ដឹកជញ្ជូនធ្យូងថ្ម​ពីកូរ៉េខាងជើង​កាលពីខែកុម្ភៈ ក្រោមដំណោះស្រាយ​ទណ្ឌកម្មមួយ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការ​សហប្រជាជាតិ ដែល​ត្រូវបានដាក់ចេញ​កាលពី​ចុងឆ្នាំមុន។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា កិច្ចប្រឹងប្រែង​របស់ចិន ក្នុងការបង្ខំ​ឲ្យកូរ៉េខាង​ជើង​ទប់ស្កាត់កម្មវិធី​នុយក្លេអ៊ែរ បានទទួលបរាជ័យ​ហើយ។ លោក ត្រាំ បាន​បង្ហោះសារ Twitter មួយថា «ទន្ទឹមនឹងខ្ញុំ​កោតសរសើរ​ ចំពោះកិច្ចប្រឹងប្រែងរបស់​ប្រធានាធិបតី ស៊ី ជិនពីង ក៏ដូចជា​ប្រទេសចិន ដើម្បីជួយក្នុងបញ្ហា​កូរ៉េខាងជើងនោះ វាពុំមានប្រសិទ្ធភាព​​នោះ​ឡើយ តែយ៉ាងហោចណាស់​ខ្ញុំដឹងថា ទីក្រុងប៉េកាំង ក៏បានខិតខំព្យាយាម​ណាស់ដែរ»។ បន្ថែមពីនេះប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន ក្នុងសប្តាហ៍នេះ ក៏បានអំពាវនាវ​ដល់ចិនថា គួរតែប្រឹងប្រែង​ឲ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីគ្រប់គ្រង​ឥទ្ធិពលនៃកម្មវិធីនុយក្លេអ៊ែរ​និងមីស៊ីលផ្លោង​របស់ទីក្រុងព្យុងយ៉ាង​៕