(ដូហា)៖ ប្រទេសកាតា​បានបញ្ជាក់ថា ការទាមទារដ៏ច្រើនពី​ពិភពអារ៉ាប់ ជាពិសេសអារ៉ាប៊ីសាអូឌីត ឲ្យខ្លួនធ្វើរឿង​ជាច្រើនក្នុងនោះមានដូចជា កាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីរ៉ង់ បិទទូរទស្សន៍ Al Jazeera និងបិទមូលដ្ឋានទ័ព​តួកគី​ប្រចាំប្រទេសកាតានោះ គឺជារឿងដែលគ្មានហេតុផល និងមិនអាចទៅរួច ប៉ុន្តែទីក្រុងដូហានឹងធ្វើការឆ្លើយតបជា​ផ្លូវការទៅកាន់ប្រទេសអារ៉ាប់ទាំងនោះ នៅក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន​ Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០១៧។

ព្រះអង្គម្ចាស់ Sheikh Saif al-Thani នាយកការិយាល័យទំនាក់ទំនងនៃរដ្ឋាភិបាលកាតា បានលើកឡើងយ៉ាង​ដូច្នេះថា «យើងកំពុងតែពិនិត្យមើល ចំពោះការទាមទារទាំងនោះដោយការគោរព... ចំពោះសន្តិសុខក្នុងតំបន់ ហើយយើងនឹងមានការឆ្លើយតបជាផ្លូវការ តាមរយៈក្រសួងការបរទេសរបស់យើង»។ ជុំវិញការទាមទាររបស់​បណ្តារដ្ឋអារ៉ាប់ ដែលមានអារ៉ាប៊ីសាអូឌីត​ជាអ្នកនាំផ្លូវនេះ គឺត្រូវបានរដ្ឋមន្ត្រី​ការបរទេសអាមេរិក លោក រិច ធីល្លឺសុន អះអាងថា «ជារឿងដែល​សមហេតុផល និងអាចប្រព្រឹត្តទៅរួច»

គួរបញ្ជាក់ថា នៅថ្ងៃសុក្រសប្តាហ៍នេះ អារ៉ាប៊ីសាអូឌីត និងបណ្ដាប្រទេសអារ៉ាប់ផ្សេង​ទៀត​ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន​បានស្នើឱ្យកាតា បិទស្ថានីយ៍​ទូរទស្សន៍ Al Jazeera កាត់ផ្ដាច់​ទំនាក់ទំនង​ការទូតជាមួយអ៊ីរ៉ង់ និងបិទ​មូលដ្ឋានទ័ព​តួកគី​នៅក្នុងប្រទេស។ ការស្នើឡើង​បែបនេះ​របស់អារ៉ាប៊ីសាអូឌីត ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ​បន្ទាប់ពីប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ និងព្រះហាក្សត្រ​អារ៉ាប៊ីសាអូឌីត សាល់ម៉ាន់ បានពិភាក្សាគ្នាតាម​ទូរស័ព្ទលើសំណុំរឿងកាតា កាលពី​ថ្ងៃព្រហស្បតិ៍ ដោយមេដឹកនាំទំាងពីរក៏បានព្រមព្រៀងគ្នាដែរថា នឹងបង្កើនកិច្ចខិតខំ​ប្រឹងប្រែងស្វែងរក​ដំណោះស្រាយបញ្ចប់​ភាពតានតឹងនៃ ទំនាក់ទំនងជាមួយទីក្រុងដូហា។ ​

ជាមួយគ្នានោះដែរ បើតាម​សារព័ត៌មាន Financial Times លក្ខខណ្ឌ​ទំាងអស់មាន ១៣ចំណុច ហើយកាតា​មានរយៈពេល ១០ថ្ងៃ ដើម្បីអនុវត្តន៍តាម ក្នុងនោះរួមមាន​ការបិទស្ថានីយ៍ទូរទស្សន៍ Al Jazeera, កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ និងបិទមូលដ្ឋានទ័ពតួកគី​នៅក្នុងប្រទេស។ ជាងនេះទៅទៀត ផ្អែកលើ​លក្ខខណ្ឌទំាងនេះ ទីក្រុងដូហា​ត្រូវបញ្ឈប់ការផ្ដល់ហិរញ្ញវត្ថុ​ឱ្យពួកភេរវករ ឬបុគ្គល និងក្រុមទាំងឡាយណា​ដែល អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប ចាត់ទុកថា​ជាភេរវករ៕