(អ៊ីស្លាមបាដ)៖ មនុស្សយ៉ាងហោចណាស់១៥នាក់ស្លាប់ និង៧០នាក់ផ្សេងទៀត បានទទួលរងរបួស បន្ទាប់ពីហេតុការណ៍បំផ្ទុះ​គ្រាប់​បែក​ពីរ​គ្រាប់ ​បានវាយប្រហារទៅលើផ្សារមួយកន្លែង នៅទីក្រុង Parachinar នៃតំបន់ Kurram ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន កាលពីរសៀល​ថ្ងៃសុក្រនេះ (ពេលវេលាក្នុងតំបន់កើតហេតុ)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច​នា​យប់​ថ្ងៃ​សុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧។

សូមជំរាបថា នាព្រឹកថ្ងៃដដែលនេះ ករណីបំផ្ទុះគ្រាប់បែកមួយផ្សេងទៀត ក៏បានកើតមានឡើងផងដែរ នៅប៉ុស្តិត្រួតពិនិត្យមួយកន្លែង ក្នុង​ទីក្រុង Quetta ភាគនិរតីនៃប្រទេសអាស៊ីខាងត្បូងមួយនេះ ដែលបានបណ្តាលឲ្យមនុស្សសរុប១១ស្លាប់ រួមមានទាំងមន្រ្តីប៉ូលិសចំនួន០៥​រូប និង១៦នាក់ផ្សេងទៀតបានទទួលរងរបួស៕