(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីត និងបណ្ដាប្រទេសអារ៉ាប់ផ្សេង​ទៀត​ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន​បានស្នើឱ្យកាតា បិទស្ថានីយ៍​ទូរទស្សន៍ Al Jazeera កាត់ផ្ដាច់​ទំនាក់ទំនង​ការទូតជាមួយអ៊ីរ៉ង់ និងបិទ​មូលដ្ឋានទ័ព​តួកគី​នៅក្នុងប្រទេស។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧។

ការស្នើឡើង​បែបនេះ​របស់អារ៉ាប៊ីសាអូឌីត ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ​បន្ទាប់ពីប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ និងព្រះហាក្សត្រ​អារ៉ាប៊ីសាអូឌីត សាល់ម៉ាន់ បានពិភាក្សាគ្នាតាម​ទូរស័ព្ទលើសំណុំរឿងកាតា កាលពី​ថ្ងៃព្រហស្បតិ៍ ដោយមេដឹកនាំទំាងពីរក៏បានព្រមព្រៀងគ្នាដែរថា នឹងបង្កើនកិច្ចខិតខំ​ប្រឹងប្រែងស្វែងរក​ដំណោះស្រាយបញ្ចប់​ភាពតានតឹងនៃ ទំនាក់ទំនងជាមួយទីក្រុងដូហា។ ​

ជាមួយគ្នានោះដែរ បើតាម​សារព័ត៌មាន Financial Times លក្ខខណ្ឌ​ទំាងអស់មាន ១៣ចំណុច ហើយកាតា​មានរយៈពេល ១០ថ្ងៃ ដើម្បីអនុវត្តន៍តាម ក្នុងនោះរួមមាន​ការបិទស្ថានីយ៍ទូរទស្សន៍ Al Jazeera, កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ និងបិទមូលដ្ឋានទ័ពតួកគី​នៅក្នុងប្រទេស។ ជាងនេះទៅទៀត ផ្អែកលើ​លក្ខខណ្ឌទំាងនេះ ទីក្រុងដូហា​ត្រូវបញ្ឈប់ការផ្ដល់ហិរញ្ញវត្ថុ​ឱ្យពួកភេរវករ ឬបុគ្គល និងក្រុមទាំងឡាយណា​ដែល អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប ចាត់ទុកថា​ជាភេរវករ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ​តួកគី គឺជាប្រទេសតែ​មួយគត់ ដែលបានចេញមុខ​គាំទ្រកាតា​ពេញទំហឹង ក្រោយបណ្ដា​ប្រទេសអារ៉ាប់ នាំគ្នា​កាត់ផ្ដាច់ទំនាក់ទំនង​ការទូតជាមួយ​កាតាកាលពីថ្ងៃទី០៥ ខែមិថុនា ដោយចោទថា ទីក្រុងដូហា​គាំទ្រដល់​ក្រុមភេរវករ បើទោះជាកាតា​បានបដិសេធជាច្រើនដង​ក៏ដោយ៕