(ញូដេលី)៖ នៅថ្ងៃសុក្រនេះ ប្រទេសឥណ្ឌាបានសម្រេចជោគជ័យធំមួយទៀត ប្រចាំឆ្នាំ២០១៧នេះ គឺការបាញ់​បង្ហោះដោយជោគជ័យនូវគ្រាប់រ៉ុក្កែតមួយគ្រាប់ ផ្ទុកផ្កាយរណបចំនួន ៣១គ្រឿង ទៅកាន់គន្លងគោចរនៃភពផែនដី ដែលវាត្រូវបានធ្វើឡើងនៅស្ថានីយ៍បាញ់បង្ហោះនៃកោះ Sriharikota ក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូង​ប្រទេស។ នេះបើតាមការ​​ចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន​ចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលឥណ្ឌាធ្វើការបាញ់បង្ហោះផ្កាយរណបច្រើនបែបនេះ ដោយកាល​ពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៧ មហាយក្សនៅអាស៊ីមួយនេះ ក៏ធ្លាប់បានបាញ់បង្ហោះផ្កាយរណបសរុប ១០៤គ្រឿងផងដែរ ទៅកាន់គន្លងតារាវិថី។ ចំពោះផ្កាយរណបភាគច្រើនគឺបានមកពីអតិថិជនបរទេស ហើយ​ផ្កាយរណប​ដែលសំខាន់ជាងគេ​គឺប្រភេទ Cartosat 2 ដែលមាន​ទម្ងន់ ​៧១៤គីឡូក្រាម សម្រាប់​ធ្វើការ​កំណត់​​ផែន​ទី​​នៃ​ភព​ផែនដី ហើយផ្កាយ​រណបធុនតូច​ដទៃផ្សេងទៀត​ជា​របស់ ​សហរដ្ឋអាមេរិក, អ៊ីស្រាអែល, កាហ្សាក់ស្ថាន, ហូឡង់, ស្វីស, និងប្រទេស អេមីរ៉ាត់ អារ៉ាប់រួម៕