(រីយ៉ាត)៖ អារ៉ាប៊ីសាអូឌីត និងបណ្ដាប្រទេសអារ៉ាប់ផ្សេងទៀត​ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន បានស្នើឱ្យកាតាបិទស្ថានីយ៍ទូរទស្សន៍ Al Jazeera ​កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយ អ៊ីរ៉ង់ និងបិទមូលដ្ឋានទ័ពតួកគីនៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧។

ការស្នើឡើងបែបនេះ របស់អារ៉ាប៊ីសាអូឌីត ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ និងព្រះហាក្សត្រអារ៉ាប៊ីសាអូឌីត សាល់ម៉ាន ពិភាក្សាគ្នាតាម ទូរស័ព្ទលើសំណុំរឿងកាតា កាលពីថ្ងៃព្រហស្បតិ៍ ហើយមេដឹកនាំទំាងពីរក៏បានព្រមព្រៀងគ្នាដែរថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងស្វែងរក ដំណោះស្រាយបញ្ចប់ភាពតានតឹងនៃ ទំនាក់ទំនងជាមួយទីក្រុងដូហា។

គិតមកទល់ពេលនេះ តួកគី គឺជាប្រទេសតែមួយគត់ដែលបានចេញមុខគាំទ្រកាតាពេញទំហឹង ក្រោយបណ្ដាប្រទេសអារ៉ាប់នាំគ្នាកាត់ផ្ដាច់ ទំនាក់ទំនងការទូតជាមួយកាតា ដោយចោទថាទីក្រុងដូហា គាំទ្រដល់ក្រុមភេរវករ បើទោះជាកាតាបានបដិសេធជាច្រើនដងក៏ដោយ។ តែយ៉ាងណាក៏ដោយ ភ្លាមៗកាតា មិនទាន់ប្រតិកម្ម ឬក៏ធ្វើការអត្ថាធិប្បាយ ណាមួយនៅឡើយទេ៕