(ម៉ាឌ្រីដ)៖ តារាបាល់ទាត់ឆ្នើម Cristiano Ronaldo នឹងបង់ប្រាក់ចំនួន ១៦.៤លានដុល្លារសហរដ្ឋអាមេរិក ទៅឲ្យភ្នាក់ងារពន្ធដារប្រចាំទីក្រុង Madrid ជុំវិញបណ្តឹង ដែលរដ្ឋអាជ្ញាអេស្ប៉ាញចោទប្រកាន់ពីបទបន្លំពន្ធ នៅក្នុងប្រទេសនេះ នៃអំឡុងឆ្នាំ២០១១ និងឆ្នាំ២០១៤ នាពេលកន្លងមក។

ទាំងកាសែត ABC និងទូរទស្សន៍ក្នុងស្រុក TVE របស់អេស្ប៉ាញ ដែលត្រូវបានដកស្រង់ដោយ Dailymail បានឲ្យដឹងថា បុរសវ័យ ៣២ឆ្នាំ ដែលកំពុងលេងឲ្យក្លឹប Real Madrid បច្ចុប្បន្ន បានយល់ព្រមបង់នូវទំហំទឹកប្រាក់ ១៦.៤លានដុល្លារ ដើម្បីបញ្ចប់រឿងក្តីក្តាំង និងការពិន័យផ្សេងៗទៀត ដោយបានអនុលោមទៅតាមមេធាវីរបស់ខ្លួនផងដែរ បើទោះបីជារូបគេបានបដិសេធពីការប្រពឹត្តខុសនេះក៏ដោយ។

យ៉ាងណាក៏ដោយ ភ្នាក់ងារស៊ើបអង្កេតអេស្ប៉ាញ នៅតែបន្តស្រាវជ្រាវពីបញ្ហានេះដដែល បើទោះបីជារដ្ឋអាជ្ញាអេស្ប៉ាញ មកពីភ្នាក់ងារពន្ធដារ បានកសាងសំណុំរឿងប្តឹង Ronaldo កាលពីសប្តាហ៍មុនហើយក៏ដោយ។

ប្រភពដ៏ជិតស្និទ្ធមួយរបស់ Ronaldo បានទម្លាយប្រាប់ Dailymail ថា កីឡាករខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ នៅមានពេលប្តឹងជំទាស់ មុនឡើងតុលាការសាកសួរនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខ មុនរដូវកាលថ្មីចាប់ផ្តើម ២សប្តាហ៍។

សូមរំលឹកផងដែរថា រដ្ឋអាជ្ញាអេស្ប៉ាញបានធ្វើការប្តឹង Ronaldo ពីបទគេចវេសមិនបង់ពន្ធជូនរដ្ឋ ពីប្រាក់ចំណូលរកបានពីវិស័យកីឡា ដ៏មានប្រជាប្រិយភាព មានរហូតដល់ ១៦.៤លានដុល្លារ នៅចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១៤ ពីប្រាក់ចំណូលបានពីការលក់រូបភាព និងអាជីវកម្មផ្សេងៗទៀត៕