(ប៉េកាំង)៖ បន្ទាប់ពីបានធ្វើការហោះហើរជាមួយមន្ទីរពិសោធន៍អវកាស Tiangong-2 អស់រយៈពេល​ប្រមាណពីរខែកន្លងមក យានអវកាសដឹកជញ្ជូន​ Tianzhou-1 របស់ប្រទេសចិន នាថ្ងៃពុធសប្តាហ៍នេះ ក៏បានធ្វើការផ្តាច់ខ្លួនចាកចេញពីមន្ទីរពិសោធន៍នោះ ហើយបានឈានចូលដល់ដំណាក់កាល​មួយផ្សេងទៀត នៃការបំពេញប្រតិបត្តិការដោយឯករាជ្យតែម្តង។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។

ដោយត្រូវបាន​បញ្ជាគ្រប់គ្រង​ពីក្រុមការងារ​នៅលើភពផែនដី យានអវកាស Tianzhou ដែលមានន័យ​ក្នុងភាសាចិនថាជា «នាវាឋានសួគ៌» នោះនឹងធ្វើដំណើរលើ​គន្លងគោចរ​ក្នុងរយៈកម្ពស់​ប្រហែល ៣៩០គីឡូម៉ែត្រ ពីលើភពរបស់យើង ដើម្បីអនុវត្តន៍​ការពិសោធន៍​យ៉ាងសម្បូរបែប​​ជាច្រើន។ នេះជានាវាដំបូងហើយរបស់ចិន ដែលត្រូវបានបង្កើតឡើង និងបាញ់បង្ហោះដោយចិនផ្ទាល់ សម្រាប់ការដឹកទំនិញទៅទីអវកាស។

ម៉្យាងវិញទៀត វាក៏នឹងបញ្ចេញ​កូនផ្កាយរណបខ្នាត​តូចមួយគ្រឿង​មានឈ្មោះថា CubeSat ផងដែរ រួមទាំងធ្វើការតភ្ជាប់​ដោយស្វ័យប្រវត្តិមួយ​​ជាមួយ Tiangong-2 ដើម្បីបញ្ចូលប្រេង​ឥន្ទនៈជាលើកទីបី ទៅឲ្យមន្ទីរពិសោធន៍​អវកាសនោះ។ ចិនកំពុងតែបំពេញមហិច្ឆតាដ៏ធំមួយ នោះគឺការបង្កើតស្ថានីយ៍អវកាស​ដោយខ្លួនឯង ដើម្បីប្រកួតប្រជែងនឹងស្ថានីយ៍អវកាសអន្តរជាតិ ដែលមានតែមួយគត់លើលោកបច្ចុប្បន្ន៕