(ប៉េកាំង)៖ ជំនួបដ៏កម្រមួយ​រវាងមន្ត្រីយោធា​ជាន់ខ្ពស់ចិន និងវៀតណាម ត្រូវបានលុបចោលភ្លាមៗ ដោយមិនទាន់​ដឹងពីមូលហេតុ​ច្បាស់លាស់ ហើយដែលការសម្រេចចិត្តបែបនេះ ធ្វើឡើងតែមួយរយៈពេលខ្លី​ប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បានបំពេញណើរទស្សនកិច្ច​ទៅកាន់ទីក្រុង​វ៉ាស៊ីនតោន និងទីក្រុង​តូក្យូ ដើម្បីស្វែងរកការ​គាំទ្រពីប្រទេស​ទាំងពីរ​ លើសំណុំរឿង​សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដីថ្លែងការណ៍​ដ៏ខ្លីមួយចេញផ្សាយ​កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិ​ចិនបាននិយាយថា កិច្ចប្រជុំការងារ​រវាងមន្ត្រីយោធាជាន់​ខ្ពស់ប្រទេសទាំងពីរ ត្រូវបាន​លុបចោល ក៏ប៉ុន្តែក្រុមអ្នក​ជំនាញមួយចំនួន​យល់ថា ក្រុមមន្ត្រី​ចិនលុបចោល​ដំណើរទស្សនកិច្ច ទៅកាន់​ទីក្រុងហាណូយ ដោយសារតែ​ភាពចម្រូងចម្រាស និងការខ្វែងគំនិត​គ្នានៅក្នុងជំនួបបិទ ទ្វារមួយស្ដី​ពីជម្លោះតំបន់​សមុទ្រចិនខាងត្បូង។ ចំណែកឯ​អ្នកជំនាញ​ខ្លះទៀត ជឿជាក់ថា ការលុបចោល​ជំនួបប្រជុំនេះ គឺអាចមកពី​បញ្ហាដែលកើតឡើង​នៅក្នុងអំឡុង​ទស្សនកិច្ច នៅវៀតណាម​របស់​ឧត្ដមសេនីយ៍ចិន លោក Fan Changlong នៅក្នុង​សប្ដាហ៍នេះ ដោយលោក​បានបង្ហាញពីការខឹង​សម្បារចំពោះទីក្រុង​ហាណូយ សម្រាប់ការពង្រឹង​ទំនាក់ទំនង កក់ក្ដៅជា​មួយជប៉ុន និង​សហរដ្ឋអាមេរិក ដែលបាន​និងកំពុងត្រៀមខ្លួន​លូកដៃក្នុងជម្លោះ​សមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា បើតាមក្រុម​អ្នកជំនាញ បើសិនជា​ទីក្រុងហាណូយ​ទទួលបានការគាំទ្រ​យ៉ាងពេញទំហឹង​ពី សហរដ្ឋអាមេរិក និងជប៉ុន នោះវាអាច​នឹងធ្វើឱ្យប៉ះពាល់​ដល់ផលប្រយោជន៍ជាយុទ្ធសាស្ត្រ​របស់ចិននៅក្នុងតំបន់​សមុទ្រចិនខាងត្បូងកាន់តែខ្លាំងឡើង ដែលទីក្រុងប៉េកាំង​ទាមទារគ្រប់គ្រង​ស្ទើរតែទំាងស្រុងនោះ៕