(ញូដេលី)៖ កូរ៉េខាងជើងជាថ្មីម្ដងទៀតបានអះអាងថា ខ្លួននឹងផ្អាកការបាញ់​សាកល្បងមីស៊ីល និងអាវុធ​នុយក្លេអ៊ែរ បើសិនជាសហរដ្ឋអាមេរិក បញ្ឈប់​ការធ្វើសមយុទ្ធយោធា​ជាមួយ​កូរ៉េខាងត្បូង។ ប៉ុន្តែការ​អំពាវនាវនេះ ទំនងជាមិនអាច​កើតឡើងនោះទេ ខណៈទីក្រុងវ៉ាស៊ីនតោន​កំពុងស្វែងរក​វិធានការច្របាច់ក​ទីក្រុងព្យុងយ៉ាង​បន្ថែម ក្រោយនិស្សិត​អាមេរិកមា្នក់ ដែលត្រូវរបបដឹកនាំ​លោក គីម ជុងអ៊ុន ដោះលែងឱ្យ​មានសេរីភាពបាន​ស្លាប់កាលពីថ្ងៃអង្គារ។ នេះបើតាម​សារព័ត៌មាន Sputnik​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។​

ជុំវិញការលើក​ឡើងនេះដែរ ថ្លែងពីទីក្រុងញូដេលី អគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំងប្រទេសឥណ្ឌា លោក Kye Chun Yong បានគូស​បញ្ជាក់ដូច្នេះថា «យើងអាចនឹង​ផ្អាកការធ្វើ​តេស្ដមីស៊ីល ឬអាវុធនុយក្លេអ៊ែរ​របស់យើង ក្រោមលក្ខខណ្ឌ​មួយជាក់លាក់... ហើយបើសិនជា​សហរដ្ឋអាមេរិក បញ្ឈប់ទាំងស្រុង ឬផ្អាកការធ្វើ​សមយុទ្ធយោធា​ជាមួយកូរ៉េខាងត្បូង នោះយើងក៏នឹង​ធ្វើដូចគ្នានេះ​ដែរ... ឬក៏យើងអាចនឹង​ទទួលយក​កិច្ចចរចា​ លើប្រធានបទផ្អាក​ការធ្វើតេស្ដរាល់​អាវុធ​ទាំងអស់​ទៀតផង»

គួរបញ្ជាក់ថា សម្រាប់កូរ៉េខាងជើង ការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគឺជា​សកម្មភាពត្រៀមឈ្លាន​ពានចូលទីក្រុង​ព្យុងយ៉ាង ដូច្នេះហើយទើប​របបដឹកនាំ លោក គីម ជុងអ៊ុន តែងតែយក​លែសនេះបាញ់​សាកល្បងមីស៊ីល និងអាវុធ​នុយក្លេអ៊ែរ ដោយគ្មានកោតក្រែង​ទណ្ឌកម្មពីសំណាក់​ក្រុមប្រឹក្សាសន្តិសុខយូអិន។ បន្ថែមពីនេះអ្វីដែលអាមេរិក​ត្រូវការ គឺកូរ៉េខាងជើងលះបង់ចោលនុយក្លេអ៊ែរ មិនមែនត្រឹមផ្អាកការបាញ់មីស៊ីលអ្វីនោះទេ។

ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ន បើទោះជាទីក្រុងវ៉ាស៊ីនតោន​យល់ព្រមបញ្ឈប់​ការធ្វើសមយុទ្ធយោធា ក៏កូរ៉េខាងជើង នឹងមិនបោះបង់ចោល​ការធ្វើតេស្ដអាវុធ​របស់ខ្លួនដែរ ត្បិតពួកគេបានដើរ​ឆ្ងាយសឹងតែមិនអាច ត្រឡប់ក្រោយ​ទៅហើយ ពោលគឺថា បើតាមក្រុមអ្នកជំនាញ​ទីក្រុងព្យុងយ៉ាង អាចនឹងផលិតបាន​មីស៊ីលផ្លោងឆ្លង​ទ្វីបបំពាក់ក្បាល​គ្រាប់នុយក្លេអ៊ែរ បាញ់ដល់ទ្វីប​អាមេរិកយ៉ាងយូរ នៅក្នុងឆ្នាំ២០២០ ហើយដែលនេះ​គឺជាសេចក្ដីត្រូវការ​ផ្ទាល់របស់ លោក គីម ជុងអ៊ុន៕