(ម៉ានីល)៖ យោធាហ្វីលីពីនបានបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ដែលបានចូលលុកលុយនិងចាប់មនុស្សធ្វើជាចំណាប់ខ្មាំង នៅក្នុងសា​លា​រៀនមួយកន្លែង នៅភាគខាងត្បូងប្រទេស នាថ្ងៃពុធនេះ នៅទីបំផុត បានភៀសខ្លួនចាកចេញពីទីនោះហើយ និងបានបន្សល់ទុក​ចំណាប់​​ខ្មាំង​​ទាំងអស់សរុប​ចំនួន៣១នាក់ រួមមានទាំងកុមារ១២នាក់ផងដែរ ឲ្យមានសុវត្ថិភាពវិញ ដោយ​ពុំ​មាន​នរណា​ម្នាក់​បាន​ទទួល​រង​គ្រោះ​នោះ​ឡើយ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​​ទីភ្នាក់​ងារ​ព័ត៌មាន AFP នៅយប់ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។

អ្នកនាំពាក្យកងទ័ពហ្វីលីពីនលោកឧត្តមសេនីយ៍ត្រី Restituto Padilla បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកក្រុមឧទ្ទាមបាន​ធ្វើ​ការ​ដក​ថយ​យ៉ាងប្រញាប់ប្រញាល់ ដោយបានបន្សល់ទុកចំណាប់ខ្មាំងចំនួន៣១នាក់ ហើយនៅក្នុងចំណោមពួកគេទាំងនោះ មាន​១២​នាក់​ជា​កុមារ ហើយប្រជាជនស៊ីវិល២០នាក់ផ្សេងទៀត ដែលនៅជាប់ក្នុងតំបន់កើតហេតុ ដោយសារតែការផ្ទុះអាវុធរវាងកងកម្លាំងសន្តិ​សុខ និង​ក្រុម​សកម្ម​ប្រយុទ្ធ ក៏ត្រូវបានជួយសង្រ្គោះផងដែរ។ លោក Padilla បានឲ្យដឹងទៀតថា បណ្តា​ថ្នាក់​ដឹក​នាំ​សហគមន៍​នៅ​ក្នុង​តំបន់ ត្រូវ​បាន​កោះ​ហៅ​ឲ្យ​មក​ជួយ​សម្រប​សម្រួល ដល់ដំណើរការនៃ​កិច្ចចរចាដើម្បីជួយសង្រ្គោះចំណាប់ខ្មាំង។

កាលពីដំបូងឡើយ ប៉ូលិសហ្វីលីពីន បានអះអាងថាថា ជនប្រដាប់អាវុធមានគ្នាប្រហែលដល់ទៅ៣០០នាក់ ដែលក្រោយមក លោក Padilla បានបញ្ជាក់វិញថា មានជនសកម្មប្រយុទ្ធតែ៥០ប៉ុណ្ណោះ បានពាក់ព័ន្ធក្នុងករណីនេះ មកពីក្រុមសកម្មប្រយុទ្ធ​អ៊ីស្លាម BIFF ដែល​រដ្ឋា​ភិបាល​ហ្វី​លី​ពីន​​ហៅ​ថា ជាពួកភេរវករបណ្តាញ​របស់ ISIS នៅភាគ​ខាងត្បូង​ប្រទេស បានធ្វើការចូលលុកលុយ​សាលារៀនមួយកន្លែង​ ​និងចាប់​មនុស្ស​ជាច្រើននាក់ ធ្វើជាចំណាប់​ខ្មាំង នៅ​ក្នុងទីក្រុង Pigcawayan នៃលើកោះមីនដាណាវ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១៩០​គីឡូ​ម៉ែត្រ ភាគ​ខាង​​ត្បូងទីក្រុង Marawi ជាទីដែលការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងកងទ័ពរដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធគាំទ្រ ISIS បានបន្តឈានដល់​សប្តាហ៍​ទី០៥ហើយនោះ៕