​(មូស្គូ)៖ យន្តហោះចម្បាំង​ធុន F-16 មួយគ្រឿងរបស់​អង្គការណាតូ បានហោះមកក្បែរ​យន្តហោះរបស់​រដ្ឋមន្ត្រីការពារជាតិ​​រុស្ស៊ី លោក Sergei Shoigu នៅឯតំបន់​ដែនអាកាសលើសមុទ្របាល់ទិច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។​

យោងតាម Sputnik យន្ដហោះ F-16 ខាងលើ​នៃកងកម្លាំង​អង្គការណាតូ បានព្យាយាម​ហោះមកក្បែរ​យន្ដហោះ​របស់ លោក Sergei Shoigu នៅក្នុងដែនអាកាស​ពីលើដែនទឹក អន្តរជាតិ​នៃសមុទ្របាល់ទិច ក៏ប៉ុន្តែយន្ដហោះ​ចម្បាំងនេះ ត្រូវបានបណ្ដេញ​ចេញ​ឱ្យចេញឆ្ងាយដោយ​ យន្ដហោះចម្បាំងរុស្ស៊ី Su-27 ដែលអមដំណើរ​យន្ដហោះ លោក Shoigu ឆ្ពោះទៅកាន់ទីក្រុង Kaliningrad នៃភាគខាងលិច​ប្រទេសរុស្ស៊ី ដើម្បីចូលរួម​ក្នុងកិច្ចប្រជុំមួយ​ជាមួយក្រុមមន្ត្រី​យោធារុស្ស៊ី មានមូលដ្ឋាន​នៅក្នុងទីក្រុង​មួយនេះ។

គួរបញ្ជាក់ថា នេះមែនជា​លើកទី០១ ហើយក៏នឹងមិនក្លាយ​ជាលើកចុងក្រោយដែរ ដែលឧប្បទ្ទវហេតុ​បែបនេះ កើតឡើងរវាង​យន្ដហោះចម្បាំងរុស្ស៊ី និងអង្គការណាតូ​របស់សម្ព័ន្ធមិត្តសហរដ្ឋ​អាមេរិក នៅសមុទ្របាល់ទិច។ ប៉ុន្តែភ្លាមៗ​ខាងទីក្រុងវ៉ាស៊ីនតោន និងអង្គការណាតូ មិនទាន់ធ្វើការអត្ថាធិប្បាយ​នៅឡើយទេជុំវិញហេតុការណ៍​ដែលនឹងបង្កឲ្យភាគីទាំងពីរ កើតក្តីក្តៅក្រហាយនឹងគ្នានេះ៕