(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានលូកដៃចូលកិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន បន្ទាប់ពីរដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ បានអំពាវឲ្យ​គាំទ្រនូវគោលនយោបាយមួយចំនួន របស់ទីក្រុងវ៉ាស៊ីនតោន ដែលធានាថា នឹងមានការផ្លាស់ប្តូរ​ដោយសន្តិភាព នៅក្នុងសា​ធារណៈរដ្ឋអ៊ីរ៉ង់ ហើយជុំវិញរឿងនេះ ទីក្រុង​តេហេរ៉ង់ ក៏បានផ្ញើលិខិត​សំដែងការតវ៉ាជាផ្លូវការមួយ ទៅកាន់អង្គការ​សហប្រជាជាតិហើយ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅរសៀល​ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។

ថ្លែងនៅចំពោះមុខ​គណៈកម្មាធិការ​កិច្ចការបរទេស​ នៃព្រឹទ្ធសភា​កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីការ​បរទេសអាមេរិក​ លោក Rex Tillerson បាន​លើកឡើងថា ទីក្រុងវ៉ាស៊ីនតោន នឹងផ្តល់ការ​គាំទ្រចំពោះ​កិច្ចប្រឹងប្រែង​ នៃការផ្លាស់ប្តូររបបដឹកនាំ​នៅក្នុងប្រទេសអ៊ីរ៉ង់។ លោក Tillerson បាន​និយាយ​យ៉ាងដូច្នេះថា «គោលនយោបាយ​របស់យើង​សម្រាប់ប្រទេស​អ៊ីរ៉ង់ គឺកាត់បន្ថយ​ឥទ្ធិពល​នៃ​របបដឹកនាំ​​សព្វថ្ងៃនេះ, ទប់សមត្ថ​ភាព​​របស់ពួកគេ ក្នុងការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ, និងផ្តល់ការគាំទ្រដល់​កិច្ចប្រឹងប្រែង​ទាំងឡាយ នៅក្នុង​ប្រទេសអ៊ីរ៉ង់ ដែលនឹង​នាំ​ទៅ​រកការផ្លាស់ប្តូរមួយ​ប្រកបដោយ​​សន្តិភាព នៃរដ្ឋាភិបាល​​ទីក្រុងតេហេរ៉ង់​​បច្ចុប្បន្ន»។

ការលើកឡើងរបស់ លោក Rex Tillerson បានបង្កឲ្យមានការរិះគន់មិនពេញចិត្ត និងការថ្កោលទោសធ្ងន់ៗ ពីសំណាក់​ប្រទេសអ៊ីរ៉ង់ ដោយ​នា​ពេលថ្មីៗនេះ​ក្រសួងការបរទេសអ៊ីរ៉ង់ បានកោះហៅ​អគ្គរដ្ឋទូតស្តីទីនៃស្ថានទូតប្រទេសស្វីស ប្រចាំនៅ​ទីក្រុងតេហេរ៉ង់ ដើម្បីសម្តែង​ការប្រឆាំង​ជំទាស់ចំពោះ​គោលនយោបាយ​ របស់ទីក្រុងវ៉ាស៊ីនតោន​ពីព្រោះថា ស្ថានទូតស្វីស គឺជាអ្នកតំណាង​ឲ្យផលប្រយោជន៍​របស់អាមេរិក នៅក្នុង​សាធារណរដ្ឋ​អ៊ីរ៉ង់ បន្ទាប់ពី​ទីក្រុងវ៉ាស៊ីនតោន បានកាត់ផ្តាច់​ទំនាក់ទំនងការទូតជា​មួយអ៊ីរ៉ង់ កាលពី​ខែមេសា ឆ្នាំ១៩៨០។

ម៉្យាងវិញទៀតនា​ដើមសប្តាហ៍នេះ បេសកជន​អចិន្រ្តៃយ៍អ៊ីរ៉ង់ប្រចាំ​អង្គការសហប្រជាជាតិ ក៏បានពាំនាំ​យកលិខិតប្រឆាំង​ជំទាស់មួយ ជូន​ទៅ​កាន់​​អគ្គលេខាធិការ UN លោក Antonio Guterres និងក្រុមប្រឹក្សាសន្តិសុខ​នៃអង្គការសហប្រជាជាតិ​ផងដែរ ដោយ​ចោទ​ប្រកាន់​​ថា​ ទីក្រុង​វ៉ា​ស៊ីន​តោន អំពីការបង្កើត​គម្រោងការជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដោយឥត​អៀនខ្មាស៕