(រីយ៉ាត)៖ ​អនុឡោមតាមព្រះរាជក្រិត្យ អារ៉ាប៊ីសាអូឌីត បានសម្រចចិត្តតែងតាំងព្រះអង្គម្ចាស់ Mohammed bin Salman ជាព្រះរាជទាយាទថ្មីជំនួសព្រះអង្គម្ចាស់ Mohammed bin Nayef បន្ទាប់ពី​សមាជិកក្រុមប្រឹក្សារាជបល្ល័ងស្ទើរតែ​ទាំងអស់ នៃអាណាចក្រសេដ្ឋីប្រេងលើពិភពលោកមួយនេះ បង្ហាញការគាំទ្រលើទ្រង់លើរាជទាយាទថ្មីអង្គនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន​រដ្ឋ​អារ៉ាប៊ីសាអូឌីត Al Arabiya​ នៅមុននេះ​បន្តិចនារសៀលថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមព្រះរាជក្រឹត្យ​ខាងលើដដែល ព្រះមហាក្សត្រ Salman ក៏បានសម្រេច​ព្រះទ័យតែងតាំង​​ព្រះអង្គម្ចាស់ Abdulaziz bin Saud bin Nayef​ ជារដ្ឋមន្ត្រីមហាផ្ទៃ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុ​នៃការជំនួស​តំណែងរាជទាយាទនេះ ឲ្យបានច្បាស់លាស់បន្ថែមនៅឡើយនៅឡើយទេ។ យោងតាម ព្រះរាជក្រឹត្យខាង​លើដដែល ព្រះមហាក្សត្រ Salman ក៏បានសម្រេចព្រះ​ទ័យបណ្ដេញ (ក្មួយបង្កើត) គឺទ្រង់ Mohammed bin Nayef ពីតំណែងជារដ្ឋមន្ត្រីមហាផ្ទៃ រីឯព្រះអង្គម្ចាស់ Abdulaziz bin Saud bin Nayef ត្រូវបានជ្រើសតាំងឱ្យកាន់តំណែងនេះវិញ។

ប៉ុន្តែភ្លាមៗ​ពុំទាន់មានការបញ្ជាក់ពីមូលហេតុ នៃការជំនួសតំណែងទាំងនេះ​នៅឡើយទេ ដោយគ្រាន់តែគេដឹងថា សមាជិក ៣១រូប ក្នុងចំណោម ៣៤រូប នៃសមាជិកក្រុមប្រឹក្សា​រាជបល្ល័ង​បានជ្រើសរើសទ្រង់ Mohammed bin Salman ដែលជាបុត្រារបស់​ព្រះមហាក្សត្រ Salman ជារាជទាយាទថ្មី។ បន្ថែមពីលើនេះ ទ្រង់ Mohammed bin Salman មានព្រះជន្ម ៣១ព្រះវស្សា ក៏ត្រូវបានតែងតាំងជា​ឧបនាយករដ្ឋមន្ត្រីផងដែរ និងនៅ តែរក្សាតំណែងជា​រដ្ឋមន្ត្រីការពារជាតិ​ដដែល។

គួរបញ្ជាក់ថា ការផ្លាស់ប្ដូរតំណែង​រាជទាយាទនេះ ធ្វើឡើងនៅចំពេលបណ្ដា​ប្រទេសអារ៉ាប់ កំពុងមានការ​បាក់បែកផ្ទៃក្នុង ក្រោយ​អារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធមិត្តអារ៉ាប់​របស់ខ្លួន ប្រកាសកាត់ផ្ដាច់ទំនាក់​ទំនងការទូតជា​មួយកាតា ដោយចោទថា ទីក្រុងដូហា​បានផ្ដល់លុយកាក់ឱ្យពួកភេរវករ។ ដោយឡែក​បើតាមសារព័ត៌មាន Al Arabiya ព្រះមហាក្សត្រ Salman នឹងអំពាវនាវ​ឱ្យប្រជាជន​អារ៉ាប៊ីសាអូឌីត បង្ហាញភក្ដីភាព​ចំពោះរាជទាយាទថ្មី នៅថ្ងៃពុធនេះតែម្តង៕