(បរទេស)៖ កែវយឺតអវកាស Kepler ដែលថ្មីៗនេះទើបតែបានរកឃើញភពថ្មីៗប្រមាណជាង ២០០ភព នៅក្រៅប្រព័ន្ធ​ព្រះអាទិត្យរបស់​យើងនោះ គឺជាលទ្ធ​ផល​ដ៏អស្ចារ្យ​ណាស់​ទៅ​ហើយ ប៉ុន្តែបើគិតចាប់តាំងពីពេលដែលវា​ត្រូវបានបាញ់បង្ហោះជា​លើកដំបូង​ កាលពីឆ្នាំ២០០៩​មក Kepler បានបង្កើតរបក​គំហើញ​ដ៏អស្ចារ្យជាច្រើនទៀត នៅក្នុងវិស័យ​​អវកាស ហើយខាងក្រោមនេះ​គឺជារបកគំហើញ​កំពូលៗ​ចំនួន០៥ ដែលកែវយឺតអវកាស​នេះ​សម្រេចបាន៖

១. Kepler បានរកឃើញ ភពផែនដីជំនាន់ទីពីរ ឬ Earth 2.0៖

កាលពីឆ្នាំ២០១៤ កែវយឺតអវកាស Kepler បានបង្កើតរបក​គំហើញដ៏ធំមួយ តាមរយៈការប្រទះ​ឃើញភពមួយ ដែលមានរហស្ស​នាមថា Earth 2.0។ ភពដែលមាន​ឈ្មោះថា Kepler-452b ត្រូវគេដាក់រហស្សនាម​ឲ្យថា Earth 2.0 ដោយសារតែវា​មានលក្ខណៈជាច្រើន ដូចទៅនឹង​​ភពផែនដី ទោះបីជាវាស្ថិត​នៅចម្ងាយប្រមាណ ១,៤០០ឆ្នាំពន្លឺពីយើងក៏ដោយនោះ។

២. Kepler បានរកឃើញភពដំបូង​គេ ដែលស្ថិតក្នុងតំបន់​ទំនងអាចរស់នៅបាន៖

ភពដែលទំនង​ជាអាចទ្រទ្រង់ជីវិត​បានដំបូងគេ ដែលកែវយឺត​អវកាស Kepler បានរកឃើញ​កាលពី​ឆ្នាំ២០១១នោះ មានឈ្មោះ​ថា Kepler-22b។ ក្រុមអ្នកវិទ្យាសាស្រ្ត​បានឯកភាពគ្នាថា ភពមួយនេះ​អាចឲ្យជីវិតរស់នៅ​បាន ពីព្រោះវាស្ថិត​នៅក្នុងរយៈចម្ងាយ​ដ៏ល្អឥតខ្ចោះ​ ពីព្រះអា​ទិត្យ ឬផ្កាយរបស់វា។

៣. Kepler បានរកឃើញ​ភពម៉្យាងដែល​គេហៅថា Super Earth៖

កាលពីខែមេសា​កន្លងទៅនេះ Kepler បានរក​ឃើញ Super Earth មួយ (ភពក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ដែលមានម៉ាស​ធំជាងផែនដី តែមិនដល់​​ម៉ាស​របស់ភព​អ៊ុយរ៉ាណុស និងណិបទូននោះ​ឡើយ) ដែលត្រូវបាន​គេដាក់ឈ្មោះ​ឲ្យថា LHS 1140b។ វាគឺជាបេក្ខភាព​ដ៏ល្អ សម្រាប់ជីវិត​រស់​នៅ និងធ្វើដំណើរគោចរ​ជុំវិញ Red Dwarf មួយ (ផ្កាយទំហំតូច​ដ៏ចំណាស់ និងមានសីតុណ្ហភាព​ទាបជាងផ្កាយធម្មតា) ក៏ប៉ុន្តែអ្នកវិទ្យាសាស្រ្ត​​យល់ថា ភព LHS 1140s ប្រហែលជា​មានមហាសមុទ្រ ពោរពេញ​ទៅដោយកម្អែល​ម៉ាក់ម៉ា​ទាំងស្រុង (ដូចកម្អែលភ្នំភ្លើង) ដែល​បញ្ចេញ​ចំហាយកម្តៅ​ទៅកាន់បរិយាកាស​របស់វា។

៤. Kepler គឺជាអ្នកដែលបានរកឃើញប្រព័ន្ធផ្កាយ TRAPPIST-1៖

កាលពីខែកុម្ភៈ ឆ្នាំ២០១៧ កែវយឺតអវកាស Kepler បានរកឃើញភពក្រៅប្រព័ន្ធព្រះអាទិត្យ (Exoplanet ឬ Extrasolar Planet) ចំនួន០៧ភព ដែលមានទំហំប្រហាក់ប្រហែលនឹងផែនដី គោចរជុំវិញផ្កាយ TRAPPIST-1 ដែលស្ថិតនៅចម្ងាយជិត៤០ឆ្នាំពន្លឺពីព្រះអាទិត្យ នៅក្នុងបណ្តុំ​ផ្កាយ Aquarius។

៥. Kepler បានប្រទះឃើញភព​ដ៏អស្ចារ្យមួយ ដែលវិលជុំវិញ​ផ្កាយរបស់​វាចំនួនពីរ៖

ភពនោះមាន​ឈ្មោះថា Kepler-16b និងស្ថិតនៅចម្ងាយ​ប្រហែល២០០ឆ្នាំ​ពន្លឺពីផែនដី៕

គួរបញ្ជាក់ថា កែវយឺតអវកាស Kepler បានរកឃើញ​ភពថ្មីចំនួន២១៦​ភពថែមទៀត ដែលមានន័យថា មកទល់ពេលនេះ វាបានរកឃើញ​ភពនៅ​ក្រៅប្រព័ន្ធព្រះអាទិត្យជាង ៤,០០០ហើយ។ ដោយឡែកនៅក្នុង​ចំណោមភព​ទាំង ២១៦នោះ មាន១០ភពទំនង​អាចជាជម្រកនៃជីវិត​ក្នុងទម្រង់​ណាមួយ ពីព្រោះថា វាមានទំហំ និងលក្ខណៈប្រហាក់​ប្រហែល​ទៅនឹង​ភពផែនដីយើង​អ៊ីចឹង ពោលគឺមាន​ន័យថា ពួកវាផ្សំឡើងពីដី និងថ្ម ហើយ​ស្ថិតនៅក្នុង​តំបន់ Goldillocks ឬ Habitable Zone នៃប្រព័ន្ធ​ផ្កាយរបស់វា។ វាមាន​សី​តុណ្ហ​ភាព​​ពុំ​​ក្តៅ ​ឬ​ត្រជាក់​​ពេក​ឡើយ ដែល​អាច​​អនុញ្ញាត​​ឲ្យ​មាន​​ទឹក​ស្ថិតនៅក្នុងទម្រង់​រាវបាន នៅទីនោះ។

យ៉ាងណាមិញ វាមិនអាចធានាបាន​ទាំងស្រុង​ឡើយថា ភពដែលស្ថិត​នៅក្នុងតំបន់ Goldillocks ឬ Habitable Zone នឹងមានជីវិត​នៅទីនោះ​មួយភាគរយនោះ។ ដោយឡែក​អង្គការ NASA មិនបានបញ្ជាក់​ថា ភពជាង២០០ថ្មីនេះ ត្រូវបានរកឃើញ​នៅក្នុងបណ្តុំផ្កាយមួយ​ណានោះទេ ក៏ប៉ុន្តែយើងដឹងថា ក្នុងអំឡុងជាងបួនឆ្នាំ​ដំបូង​នៃ​បេសកកម្មរ​បស់ Kepler កែវយឺតអវកាសនេះ បានចំណាយ​ពេលធ្វើការអង្កេត​ទៅលើតំបន់មួយចំនួន​ នៃបណ្តុំផ្កាយ Cygnus និងបានពង្រីក​ដែននៃការរុករក​បន្ថែមទៀតកាលពី​ឆ្នាំ២០១៤ នៅពេលដែល​បេសកកម្មនោះ ត្រូវបានផ្លាស់ប្តូរ​ឈ្មោះ​ទៅជា K2៕