(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko នៅថ្ងៃពុធនេះ​បាននិយាយថា លោកពិតជាពេញ​ចិត្តពេញថ្លើម លើកិច្ចចរចា​ផ្នែកការពារជាតិ​ជាមួយប្រធានា​ធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។

ការលើកឡើងបែប​នេះរបស់ លោក Poroshenko ធ្វើឡើងនៅក្នុង​កិច្ចសម្ភាសន៍ជា​មួយស្ថានីយ៍​ទូរទស្សន៍ Fox News ជុំវិញជំនួបជាមួយ លោក ដូណាល់ ត្រាំ នៅឯសេតវិមាន​កាលពីថ្ងៃអង្គារ។ ថ្លែងនាឱកាស​នោះដែរ ប្រធានាធិបតីអ៊ុយ​ក្រែនរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងពិត​ជាពេញចិត្ត​យ៉ាងខ្លាំង​ លើកិច្ចចរចាផ្គត់ផ្គង់អាវុធ តែនេះ​មិនមែន​មាន ន័យថា យើងមានបំណង ឬត្រៀមវាយប្រហារ​លើប្រទេស​ណាមួយឡើយ ពោលគឺវា​គ្រាន់តែដើម្បី​ការពារខ្លួន​ពីសង្រ្គាមវិទ្យុសកម្ម យន្ដហោះគ្មាន​មនុស្សបើក និងសង្រ្គាម​គ្រប់ទម្រង់ ទំាងអស់​តែប៉ុណ្ណោះ»

គួរបញ្ជាក់ថា បើតាមក្រសួង​ការពារជាតិអាមេរិក គិតចាប់តាំងពី​ឆ្នាំ២០១៤មក ទីក្រុងវ៉ាស៊ីនតោន បានផ្ដល់ជំនួយ​ផ្នែកយោធាជាង ៦០០លានដុល្លារ ដល់អ៊ុយក្រែន​ដែលកំពុងមាន ជម្លោះជាមួយរុស្ស៊ី​នៅឯតំបន់​ឧបទ្វីបគ្រីមៀ។ ទោះបីជាយ៉ាងនេះក្ដី ទីក្រុងម៉ូស្គូ​បានព្រមានម្ដងហើយម្ដង​ទៀតថា ការផ្ដល់អាវុធ​ឱ្យអ៊ុយក្រែន គឺមានតែធ្វើឱ្យ​ស្ថានភាពអាក្រក់ក្នុង​ពេលបច្ចុប្បន្ន រឹតតែអាក្រក់ឡើង និងកាន់តែនាំទៅរកជម្លោះ​បង្ហូរឈាម​តែប៉ុណ្ណោះ៕