(ដាម៉ាស)៖ ប្រជាជនស្លូតត្រង់​យ៉ាងតិច ១២នាក់ បានបាត់បង់ជីវិត​បន្ទាប់ពីយន្តហោះ​ចម្បាំង នៃ​កង​កម្លាំង​ចម្រុះ​អន្តរ​ជាតិ​ដឹកនាំ​​ដោយ​​សហរដ្ឋ​អាមេរិក បានបើកការវាយប្រហារ​តាមផ្លូវអាកាស​ ទៅលើគោលដៅ​មួយចំនួន នៅក្នុងភូមិមួយ​កន្លែង ស្ថិតក្បែរព្រំដែន​រវាង​ប្រទេស​ស៊ីរី និងអ៊ីរ៉ាក់។ នេះបើតាម​ការអះអាង​ពីសាក្សីជាច្រើននាក់ ដកស្រង់ដោយ​សារព័ត៌មានរុស្ស៊ី Russia Today (RT) នៅរសៀល​ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។

ក្រុមចម្រុះអន្តរជាតិ​ដឹកនាំដោយ​អាមេរិក ប្រឆាំងនឹងក្រុម​សកម្មប្រយុទ្ធ ISIS បានធ្វើប្រតិបត្តិការ​តាមផ្លូវអាកាស​បន្តបន្ទាប់គ្នា កាលពីយប់​ថ្ងៃ​អា​ទិត្យ​កន្លងទៅនេះ នៅក្រុង Hasakah របស់​ប្រទេសស៊ីរី ហើយនៅក្នុងអំឡុង​ការបំពេញ​បេសកកម្មនោះ កងយន្តហោះ​ចម្បាំង​ក៏បានវាយ​ប្រហារចំលើ​ភូមិមួយមាន​ឈ្មោះថា Tel Hayr នៅជិតព្រំដែនស៊ីរី-អ៊ីរ៉ាក់ ដែលបានបណ្តាលឲ្យ​មនុស្សមួយគ្រួសារ មានសមាជិក​ ១២​នាក់​ស្លាប់។

គួរបញ្ជាក់ថា កងកម្លាំង​ចម្រុះអន្តរជាតិដឹកនាំ​ដោយអាមេរិក បានទទួលរង​ការចោទប្រកាន់​ជាច្រើនលើកច្រើនសា ជុំវិញការទម្លាក់​គ្រាប់បែក​ចំលើជន​ស៊ីវិលស្លូតត្រង់​ក្នុងប្រទេសស៊ីរី ជាពិសេស​នៅទីក្រុង Raqqa និង Deir ez-Zor តែម្តង ព្រោះជាតំបន់​ដែលទីក្រុង​វ៉ាស៊ីនតោន ធ្វើការ​គាំទ្រដល់​ក្រុមប្រឆាំងស៊ីរី៕