(ប៉េកាំង)៖ អ្នកដំណើរ​យ៉ាងហោចណាស់ ២៦នាក់រងរបួស ក្នុងនោះ០៤នាក់​មានស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពី​អាកាសចរណ៍​ភាគខាងកើតចិន បានជួបភាព​កោលាហល (ជួបនឹងខ្យល់​កន្ត្រាក់យ៉ាងខ្លាំងក្លា​លើអាកាស) ​នៅពេល​ធ្វើដំណើរពី​ទីក្រុងប៉ារីសប្រទេសបារាំង មកកាន់ទីក្រុង​គុនមីង នៃខេត្តយុនណានប្រទេសចិន។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នាព្រឹកថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។

អ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅសម្រាក​ព្យាបាល​ នៅមន្ទីរពេទ្យរួចរាល់ទៅហើយ ក្រោយ​ហេតុការណ៍​​បាន​កើតឡើង​កាលពីព្រឹក​ថ្ងៃអាទិត្យសប្តាហ៍ ប៉ុន្តែព័ត៌មានលម្អិត​ទើបតែត្រូវបាន​ផ្នែកគ្រប់គ្រង​អាកាសយានដ្ឋាន អន្តរជាតិ Kunming Changshui បញ្ចេញជា​សាធារណៈនៅព្រឹកថ្ងៃអង្គារនេះ​ប៉ុណ្ណោះ។ យន្តហោះដែលបាន​ជួប​គ្រោះថ្នាក់ខាង​លើនេះ មានឈ្មោះសម្គាល់ light MU774 ប៉ុន្តែគេមិន​បានបញ្ជាក់ថា នៅពេលជួបគ្រោះ​ថ្នាក់នោះ​តើនៅលើយន្តហោះ​មានមនុស្សសរុប​ប៉ុន្មាននាក់នោះឡើយ។

អ្នកដំណើរម្នាក់​ឈ្មោះ Zhang ដែលទទួលរងរបួសក្នុងហេតុការណ៍ខាងលើនេះបានអះអាងថា «យើងបាន​រង​ការប៉ះទង្គិចខ្លាំងៗ​ពីរដង និងជាមធ្យមចំនួនបី​ដង​ថែមទៀត។ ភាពកោលាហល​បានកើតមានឡើង​អំឡុងពេល ១០នាទី»។ អ្នកដំណើរ​ភាគច្រើន​ដែលទទួលរង​របួសគឺ​ដោយសារតែពួកគេ​របូតពីកៅអីអង្គុយ និងត្រូវបានសម្ភារៈ​ផ្ទាល់ខ្លួននានា ធ្លាក់ត្រូវនៅ​ពេលយន្តហោះរង្គោះ​រង្គើខ្លាំង​នោះ។ អ្នកដំណើរខាងលើនេះ​ក៏បាននិយាយទាំង​ក្តីរំភើបផងដែរថា យើងពិតជា​រកពាក្យអ្វីថ្លែង​ពុំបាន​ នៅពេលយន្តហោះ​​អាចចុះចតដោយ​សុវត្ថិភាព ហើយវាពិត​ជារឿងដ៏សំណាងណាស់ ដែលយន្តហោះ​មិនធ្លាក់៕