(សេអ៊ូល)៖ យន្តហោះទម្លាក់គ្រាប់បែកដ៏ល្បីល្បាញ និងមានឥទ្ធិពលខ្លាំង B-1B ចំនួនពីរគ្រឿង ត្រូវបានកងទ័ព​អាកាសអាមេរិក បញ្ជូនមកកាន់ដែនអាកាសនៃប្រទេសកូរ៉េខាងត្បូងហើយ ដើម្បីធ្វើការហ្វឹកហ្វឺននៅក្នុងផ្នែក​មួយនៃ​សមយុទ្ធយោធា​ប្រចាំឆ្នាំ ដែលតែងតែរៀបចំឡើងដោយសម្ព័ន្ធមិត្តទាំងពីរ។ នេះបើតាមការ​ចេញផ្សាយ​នៅមុននេះ​​បន្តិច ដោយទីភ្នាក់ងារព័ត៌មានយុនហាប់ នាព្រឹក​ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។

កងទ័ពអាកាសកូរ៉េខាងត្បូង បានបញ្ជាក់ប្រាប់អ្នករាយការណ៍​ព័ត៌មាននានាក្នុងទីក្រុងសេអ៊ូលថា «កងទ័ពអាកាស​របស់យើង មានគំរោងក្នុងការចូលរួមធ្វើសមយុទ្ធ ជាមួយយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-1Bs នៅក្នុង​ដែនអាកាសនៃឧបទ្វីបកូរ៉េ​ក្នុងថ្ងៃនេះតែម្តង»។ យន្តហោះ B-1B ទាំងពីរគ្រឿង នឹងធ្វើការហោះហើរលើ​​ដែនអាកាសនៃប្រទេស​កូរ៉េខាងត្បូង រយៈពេលជាច្រើនម៉ោង ដោយនឹងមានការអមដំណើរពីសំណាក់​យន្តហោះ​ចម្បាំង F-15k ថែមទៀតផង។

គួរបញ្ជាក់ថា ការសម្រេចបញ្ជូនយន្តហោះដ៏មានឥទ្ធិពល B-1B មកកាន់ឧបទ្វីបកូរ៉េនេះ គឺបានកើតមានឡើង​ភ្លាមៗបន្ទាប់ពី និស្សិតជនជាតិអាមេរិក ដែលត្រូវបានកូរ៉េខាងជើងដោះលែង ក្រោយជាប់ឃុំនៅក្នុងគុកអស់​រយៈពេល ១៧ខែនោះ បានទទួលមរណៈភាព។  Otto Warmbier ត្រូវបានអាជ្ញាធរ​កូរ៉េខាងជើងចាប់ខ្លួនកាលពី​ឆ្នាំ២០១៦ និងត្រូវកាត់ទោស​ឱ្យជាប់ពន្ធនាគារ​១៥ឆ្នាំ ពីបទដែលទីក្រុង​ព្យុងយ៉ាងចោទថា និស្សិតវ័យក្មេងរូបនេះមានចេតនា ផ្ដួលរំលំរដ្ឋាភិបាល​លោក គីម ជុងអ៊ុន ខណៈមកទល់នឹង​ពេលនេះ នៅសល់ពលរដ្ឋ​អាមេរិក​០៣នាក់ផ្សេងទៀត កំពុងជាប់ឃុំនៅ​កូរ៉េខាងជើង៕