(វ៉ាស៊ីនតោន)៖ និស្សិតអាមេរិក​ Otto Warmbier​ ដែលត្រូវបាន​កូរ៉េខាងជើងដោះលែង​ឱ្យមានសេរីភាព ក្នុងស្ថានភាពជា​មនុស្សរុក្ខជាតិ បន្ទាប់ពីបានជាប់ឃុំអស់រយៈពេលជាង១៧ខែ បានទទួលមរណភាពហើយ កាលពីថ្ងៃចន្ទ (ម៉ោងនៅក្នុង​សហរដ្ឋអាមេរិក)។ នេះបើតាម​ក្រុមគ្រួសារ ដកស្រង់​ដោយទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួន ក្រុមគ្រួសារបស់​និស្សិតរូបនេះ បានបញ្ជាក់ដូច្នេះថា វារឿងជាអកុសល ដោយសារតែគ្មាន​ការព្យាបាលត្រឹមត្រូវ និងទទួលរង​នូវអំពើ​សាហាវ ឃោឃៅ​នៅកូរ៉េខាងជើង កូនប្រុសជាទីស្រឡាញ់​របស់យើង​ បានទទួលមរណៈភាពហើយនៅម៉ោង ២៖២០នាទីរសៀលថ្ងៃចន្ទ (ម៉ោងនៅ​សហរដ្ឋអាមេរិក)។ និស្សិតអាមេរិក​ Otto Warmbier មានអាយុ​ ២២ឆ្នាំ បានត្រឡប់ទៅ​ដល់ទីក្រុង Cincinnati នៃរដ្ឋ Ohio កាលពី​ថ្ងៃទី១៣ ខែមិថុនា ដោយរូបគេស្ថិត​នៅក្នុងស្ថានភាព​សន្លប់ស្ដូកស្ដឹង​មិនដឹងខ្លួន រីឯខាង កូរ៉េខាងជើង​បានអះអាងថា និស្សិតរូបនេះមានជំងឺផ្នែក​ប្រព័ន្ធប្រសាទ B​otulism ហើយការ​ដោះលែងនេះ​ទៀតសោត ធ្វើឡើងផ្អែកលើគោលការណ៍​មនុស្សធម៌។ ទោះបីជាយ៉ាងណា គ្រូពេទ្យអាមេរិក​ពុំទាន់អាចទាន់បញ្ជាក់​ឱ្យបានច្បាស់​ នៃមូលហេតុជំងឺនេះ​នៅឡើយ​ទេ។

គួររំលឹកថា Otto Warmbier ត្រូវបានអាជ្ញាធរ​កូរ៉េខាងជើងចាប់ខ្លួនកាលពី​ឆ្នាំ២០១៦ និងត្រូវកាត់ទោស​ឱ្យជាប់ពន្ធនាគារ​១៥ឆ្នាំ ពីបទដែលទីក្រុង​ព្យុងយ៉ាងចោទថា និស្សិតវ័យក្មេងរូបនេះមានចេតនា ផ្ដួលរំលំរដ្ឋាភិបាល​លោក គីម ជុងអ៊ុន ខណៈមកទល់នឹង​ពេលនេះ នៅសល់ពលរដ្ឋ​អាមេរិក​០៣នាក់ផ្សេងទៀត កំពុងជាប់ឃុំនៅ​កូរ៉េខាងជើង៕