(អេមីរ៉េតអារ៉ាប់រួម)៖ មន្ត្រីជាន់ខ្ពស់មួយរូប របស់ប្រទេសអេមីរ៉េតអារ៉ាប់រួម បានឲ្យដឹងនៅថ្ងៃចន្ទនេះថា បណ្តាប្រទេសអារ៉ាប់ ជាប្រទេសជិតខាងរបស់កាតា អាចនឹងបន្តដាក់ប្រទេសមួយនេះ ឲ្យនៅដាច់ដោយឡែកពីគេ «អស់រយៈពេលជាច្រើនឆ្នាំទៀត» ប្រសិនបើប្រទេសមួយនេះ មិនផ្លាស់ប្តូរកម្មវិធីនយោបាយ របស់ខ្លួន ដែលមានការគាំទ្រដល់ក្រុមភេរវកម្ម និងក្រុមឧទ្ទាម jihadist, នេះយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនាយប់ថ្ងៃទី១៩ ខែមិថុនានេះ។

ដោយលើកឡើងនៅក្នុងទីក្រុង Paris ប្រទេសបារាំង លោក Anwar Gargash រដ្ឋមន្ត្រីកិច្ចការបរទេសអេមីរ៉េតអារ៉ាប់រួម បានឲ្យដឹងថា បញ្ជីនៃបណ្តឹង របស់ប្រទេសតំបន់អារ៉ាប់ ជាមួយនឹងកាតា នឹងត្រូវធ្វើរួចរាល់នាប៉ុន្មានថ្ងៃខាងមុខនេះ។ លោក Gargash ថា «ប្រសិនបើពួកគេ ចង់ឲ្យគេ​ដាក់ដាច់ដោយឡែក ពីគេ ដោយសារតែទស្សនៈអាក្រក់ នៃដំណើរការគោលនយោបាយរបស់ពួកគេ ដូច្នេះឲ្យពួកគេនៅដាច់ដោយឡែកពីគេចុះ»។

លោក Gargash ក៏បានជម្រុញឲ្យរដ្ឋាភិបាលប្រទេសតួកគី ដែលបានគាំទ្រដល់ប្រទេសកាតានោះ រក្សាតល្លាភាព នៅក្នុងវិបត្តិការទូតមួយនេះ។

សូមជម្រាបថា កាលពីថ្ងៃទី០៥ ខែមិថុនាកន្លងទៅ ប្រទេសមួយចំនួន ​រួមមាន​៖ ​អារ៉ាប៊ីសាអូឌីត, អេមីរ៉ាត់អារ៉ាប់រួម, បារ៉ែន និងអេហ្ស៊ីប បាន​ប្រកាសផ្តាច់ ទំនាក់ទំនង​ការទូតគ្រប់ទម្រង់ និងបានបិទចរាចរណ៍​ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសជាមួយ​​ប្រទេសកាតា ក្រោមហេតុផល​ចោទ​ប្រកាន់ទីក្រុង​ដូហា ថាបានគាំទ្រក្រុមភេរវករ​ ក៏ដូចជា​ប្រទេសអ៊ីរ៉ង់ និងបានលូកដៃ​ចូលកិច្ចការផ្ទៃក្នុង ​ប្រទេសដទៃទៀត៕