(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ​ប៉ូលិសអង់គ្លេស បានឱ្យដឹងថា មនុស្សម្នាក់បាន​ស្លាប់ និង១០នាក់ផ្សេងទៀត​បានរងរបួស​ នៅក្នុងហេតុការណ៍រថយន្តមួយគ្រឿង​បុករះអ្នកដំណើរ នៅតាមចិញ្ចើម​មួយក្នុង​ទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស នៅវេលាម៉ោង ១២៖២០នាទី រំលងអធ្រាត​ឈានចូល​ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ ខណៈមនុស្សរបួស ០៣នាក់ មានស្ថានភាព របួសធ្ងន់ធ្ងរ រីឯបុរសម្នាក់ត្រូវបានចាប់ខ្លួន៕

២៖ ក្រុមអ្នកជំនាញនេប៉ាល់ ​នឹងត្រូវប្រើពេលពីរឆ្នាំ ដើម្បីវាស់កម្ពស់របស់ភ្នំ Everest ឡើងវិញ​ បន្ទាប់ពីគ្រោះរញ្ចួយដី​កាលពីឆ្នាំ២០១៥ បានធ្វើឱ្យគេព្រួយបារម្ភថាកម្ពស់នៃភ្នំដ៏ ខ្ពស់ជាងគេ​នៅលើពិភពលោកមួយនេះ អាចស្រុតចុះជាងមុន។ រដ្ឋាភិបាល​នេប៉ាល់ នឹងដឹកនាំការវាស់​កម្ពស់នេះ​ដោយខ្លួនឯង ដោយនឹងត្រូវចំណាយ​ប្រាក់ជាង ១៩.៤លានដុល្លារ ប៉ុន្តែបើតាម​សារព័ត៌មាន The Kathmandu Post  គំរោងនេះអាចនឹង​ត្រូវចំណាយប្រាក់​ដល់ទៅ ១៣៦លានដុល្លារ ឯណោះ៕

៣៖ ការវាយប្រហារ​ដោយបំផ្ទុះគ្រាប់បែក​ក្នុងខេត្តប៉ាតានី ភាគខាងត្បូង​ប្រទេសថៃ​ នាវេលាម៉ោង ១១៖៤៥នាទី​ថ្ងៃត្រង់ ថ្ងៃចន្ទ ទី១៩ ខែមិថុនា បានបណ្តាលឲ្យ​ទាហានថៃសរុប ០៥នាក់ស្លាប់ និង០៤នាក់ផ្សេងទៀត​រងរបួស។ ប៉ុន្តែភ្លាមៗពុំទាន់មានក្រុមណាមួយ ចេញមុខទទួលខុសត្រូវនៅឡើយទេ៕

៤៖ កាសែត Washington Post របស់អាមេរិក បានចេញផ្សាយ​ថា ក្រសួងការពារជាតិ​អាមេរិក បានប្រកាស​អំពីការបាញ់ទម្លាក់យន្តហោះចម្បាំង​ស៊ីរីមួយគ្រឿងដោយយន្តហោះ ចម្បាំង​របស់អាមេរិក នៅក្បែរទីក្រុង Raqqah ដែលជាទីដ៏ធំមួយ​របស់​បណ្តាញភេរវករ ISIS ឈរជើងក្នុងទឹកដី​ប្រទេសស៊ីរី។ ប៉ុន្តែអ្វីគួរឱ្យកត់សម្គាល់នោះគឺការបាញ់ទម្លាក់យន្ដ ហោះស៊ីរីនេះ កើតឡើងនៅថ្ងៃអាទិត្យ ចំថ្ងៃតែមួយដែលអ៊ីរ៉ង់ បាញ់ស្រោចមីស៊ីលជាច្រើនគ្រាប់លើមូលដ្ឋានក្រុមភេរវករនៅស៊ីរី៕

៥៖ គណបក្សរបស់​ប្រធានាធិបតីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុង បានទទួលជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ នៅក្នុងការបោះឆ្នោត​សភាជុំទី០២ កាលពី​ថ្ងៃអាទិត្យ ដោយទទួលបាន សំឡេងគំាទ្រ​ច្រើនជាង​ ៣០០អសនៈ ក៏ប៉ុន្តែចំនួន​អ្នកបោះឆ្នោតបែរ​ជា​មានការធ្លាក់ចុះ​ទៅវិញ៕