(ឡុងដ៍)៖ មនុស្ស០៥នាក់ ដែលបានបាត់ខ្លួនក្រោយគ្រោះអគ្គិភ័យដ៏មហាប្រល័យ ឆាបឆេះអាគារខុនដូ Grenfell Tower​ ក្រោយមកត្រូវបានគេរកឃើញថា នៅរស់រាន្តមានជីវិត និងមានសុខភាពល្អនោះទេ។ ប៉ុន្តែទន្ទឹមគ្នានោះដែរ​ប៉ូលិសអង់គ្លេស​បានអះអាងថា ចំនួនមនុស្សស្លាប់បានកើន​ឡើងដល់ ៧៩នាក់ហើយ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន BBC ​នៅល្ងាចថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួន លោក Stuart Cundy មេបញ្ជាការ​ប៉ូលិសប្រចាំទីក្រុងឡុងដ៍​បានបញ្ជាក់យ៉ាងដូច្នេះថា «គ្រោះអគ្គីភ័យឆាបឆេះ​អគារស្នាក់នៅ Grenfell Tower បាន​ផ្ដាច់យកអាយុជីវិតមនុស្ស ៧៩នាក់»។ ប៉ុន្តែលោក​ Cundy បានបន្ថែមថា តួលេខនេះអាច​នឹងផ្លាស់ប្តូរ​នាពេលខាងមុខទៀត ខណៈក្រុមសង្គ្រោះនៅតែបន្តរុករកក្នុងខ្មោចអគារនោះ​ដដែល ដើម្បីស្វែងរកមនុស្ស​ដែលកំពុងបាត់ខ្លួន។

គួររំលឹកថា អគារខាង​លើឈ្មោះថា Grenfell Tower ស្ថិតនៅក្នុងសង្កាត់ North Kensington ភាគខាងលិច​​ទីក្រុងឡុងដ៍ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា បានទទួលរងការឆាបឆេះកាលពី វេលាម៉ោង ១៖១៦នាទីយប់ថ្ងៃពុធ​សប្តាហ៍មុន (ម៉ោងក្នុងតំបន់) ចាប់តាំងពី​ជាន់ទីពីរ ​រហូត​ដល់​ជាន់​លើ​​បំផុត ហើយ​ក្រុម​ពន្លត់​​អគ្គី​ភ័យ​ដល់​ទៅ​​ជាង ២០០នាក់ បាន​​ចូលរួមពន្លត់​គ្រោះអគ្គីភ័យដ៏​ធំសម្បើមនេះ។ មនុស្សរាប់រយនាក់ រួមមានទាំងកុមារ និងជនចាស់ជរា ​ត្រូវគេជឿជាក់ថា បានស្ថិតក្នុងលំនៅ​ឋាន​ប្រមាណជា ១២០ខ្នង ដែលនៅ​ក្នុងអគារ​កម្ពស់ ​​​២៤​ជាន់​នោះ​នៅពេលដែលអគ្គីភ័យ​បានកើត​ឡើង។ ចំណែកឯ អភិបាល​ទីក្រុងឡុងដ៍​បានទទួលស្គាល់ថា មូលហេតុនៃអគ្គិភ័យនេះ​បណ្ដាលមកពី​កំហុស និងការធ្វេស​ប្រហែស៕