(នេប៉ាល់)៖ ក្រុមអ្នកជំនាញនេប៉ាល់​នឹងត្រូវប្រើពេលពីរឆ្នាំ ដើម្បីវាស់កម្ពស់របស់ភ្នំ Everest ឡើងវិញ​ បន្ទាប់ពីគ្រោះរញ្ចួយដី​កាលពីឆ្នាំ២០១៥ បានធ្វើឱ្យគេព្រួយបារម្ភថា កម្ពស់នៃ ភ្នំដ៏ខ្ពស់ជាងគេ​នៅលើពិភពលោកមួយនេះ អាចស្រុតចុះជាងមុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅល្ងាចថ្ងៃចន្ទ​ ទី១៩ ខែមិថុនា ឆ្នាំ២០១៧។

រដ្ឋាភិបាល​នេប៉ាល់ នឹងដឹកនាំការវាស់​កម្ពស់នេះ​ដោយខ្លួនឯង ដោយនឹងត្រូវចំណាយ​ប្រាក់ជាង ១៩.៤លានដុល្លារ ប៉ុន្តែបើតាម​សារព័ត៌មាន The Kathmandu Post  អាចនឹង​ត្រូវ ចំណាយប្រាក់​ដល់ទៅ ១៣៦លានដុល្លារ ឯណោះដើម្បីដំណើរការ​គំរោងនេះ។ ជាងនេះទៅទៀត គំរោងវាស់កម្ពស់​នេះ​ ក៏នឹងធ្វើការសិក្សាផងដែរ​ពាក់ព័ន្ធនឹងព័ត៌មាន​ស្ដីពីផលប៉ះពាល់ នៃបម្រែបម្រួល​អាកាសធាតុ​នៅលើកំពូលភ្នំ Everest ហើយដំណើរការ​វាស់កម្ពស់ ត្រូវបានចាប់​ផ្ដើមកាលពីសប្ដាហ៍​មុន​មកម្លេះ នៅឯស្រុក Udayapur។

គួរបញ្ជាក់ថា ភ្នំ Everest មានកម្ពស់ ៨,៨៤៨ម៉ែត្រ តែក្រោយគ្រោះរញ្ជួយដីកំរិត ៧.៨រ៉ិចទ័រ កាលពីឆ្នាំ២០១៥ ផ្កាយរណប Europe’s Sentinel-1A បានបង្ហាញរូបភាព​ជាច្រើន ដែលបញ្ជាក់ថា កម្ពស់ភ្នំនេះអាច​មានការស្រុតចុះ៕