(ម៉ានីល)៖ រយៈពេលជិត​បួនសប្ដាហ៍ គិតចាប់តាំងពីរដ្ឋាភិបាលហ្វីលីពីន​បើកយុទ្ធនាការកម្ទេចពួកឧទ្ទាម មានសម្ព័ន្ធភាពជាមួយពួក ISIS នៅក្នុងទីក្រុង Marawi នៃភាគខាងត្បូង ប្រទេសហ្វីលីពីនមក មនុស្សមួយចំនួនធំដែលបាន​គេចចេញពីជម្លោះមួយនេះ បានចាប់ផ្ដើមបាត់បង់​ជីវិតជាបណ្ដើរៗ នៅក្នុងមណ្ឌលជនភៀសខ្លួន​ជាច្រើន ដែលពោរពេញទៅដោយ​មនុស្សម្នាណែន​ណាន់តាន់តាប់ និងកង្វះ​អនាម័យ។ នេះបើតាមសម្តីមន្ត្រី​សុខាភិបាលហ្វីលីពីន ​ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧។

មន្ត្រីសុខាភិបាល​ខាងលើបានឱ្យដឹង​ទៀតថា មនុស្សយ៉ាងហោច​ណាស់ ១៩នាក់ បានស្លាប់​នៅតាមមណ្ឌល​ជនភៀសខ្លួន គិតចាប់តាំងពីជម្លោះ​រវាងកងកម្លាំង​សន្តិសុខហ្វីលីពីន​ និង ពួកឧទ្ទាមផ្ទុះឡើង​នៅក្នុង​ទីក្រុង Marawi​ ហើយជន​រងគ្រោះទំាងនេះ​ មួយចំនួន​គឺជាមនុស្សមាន​វ័យចំណាស់ ខណៈអ្នកផ្សេង​ទៀតស្លាប់ដោយសារ​តែជំងឺរាគរូស។ សម្រាប់ជំងឺរាគរូស​នេះត្រូវបានគេរាយការណ៍​ថា មានចំនួន ៣០០ករណីឯណោះ កើតឡើង​នៅក្នុង​ចំណោមជនភៀស​ខ្លួនជិត ៤០,០០០នាក់ កំពុងស្នាក់​នៅតាមមណ្ឌល​បណ្ដោះអាសន្ន​ សម្រាប់ជនភៀសខ្លួន ហើយបើតាម​មន្ត្រីសុខាភិបាលរូបនេះ​ដដែល ករណីជំងឺរាគ​មានការកើនឡើងគួរ​ឱ្យព្រួយបារម្ភ ដោយសារតែ​បញ្ហាកង្វះអនាម័យ និងទឹកស្អាត​ប្រើប្រាស់។

គួរបញ្ជាក់ថា បើតាមយោធា​ហ្វីលីពីន នៅក្នុងការវាយប្រយុទ្ធគ្នា​អស់រយៈពេលជាងបួនសប្ដាហ៍មុនេះ មនុស្ស​៣៥០នាក់ បានស្លាប់ក្នុងនោះមាន​២៥៧នាក់ ជាសមាជិកពួកឧទ្ទាម, យោធា៦២នាក់ និងជនស៊ីវិល ២៦នាក់ រីឯមនុស្សរាប់ពាន់​ផ្សេងទៀត ត្រូវបានគេរំពឹងថា នឹងបន្តរត់ភៀសខ្លួនចេញ​ពី​ទីក្រុង Marawi ដោយសារតែពួកគេមិនទាន់ដឹងថា សង្គ្រាមនឹងត្រូវអូសបន្លាយដល់ពេលណានោះឡើយ៕