(បាងកក)៖ ការវាយប្រហារ​ដោយបំផ្ទុះគ្រាប់បែក​ក្នុងខេត្តប៉ាតានី ភាគខាងត្បូង​ប្រទេសថៃ​នាវេលាម៉ោង ១១៖៤៥នាទី​ថ្ងៃត្រង់ ថ្ងៃចន្ទ ទី១៩ ខែមិថុនា នេះតែម្តង បានបណ្តាលឲ្យ​ទាហានថៃសរុប ០៥នាក់ស្លាប់ និង០៤នាក់ផ្សេងទៀត​រងរបួស។ នេះបើតាមការ​ចេញផ្សាយ​នៅមុននេះបន្តិច ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នារសៀល​ថ្ងៃចន្ទដើម​សប្តាហ៍ថ្មីនេះ។

ភ្លាមៗបែបនេះ អាជ្ញាធរថៃមិនទាន់អាចបញ្ជាក់ថា តើជន ឬក្រុមណាមួយ ជាអ្នកស្ថិតនៅពីក្រោយការវាយប្រហារ​ដ៏អាក្រក់ខាងលើនេះឡើយ។ គួរបញ្ជាក់ថា ខេត្តប៉ាតានី យ៉ាឡា និងណារ៉ាត់ធីវ៉ាត់ ត្រូវបានគេស្គាល់ជាទូទៅថា ជាតំបន់ដែលរងគ្រោះ​ដោយការបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែក​ស្ទើររាល់ថ្ងៃ ដែលបានបណ្តាលឲ្យយោធា និងជនស៊ីវិលរាប់ពាន់នាក់​ហើយបាត់បង់ជីវិត ចាប់តាំងពីឆ្នាំ២០០៤មក៕