(ឡុងដ៍)៖ ​ប៉ូលិសអង់គ្លេសបានឱ្យដឹងថា មនុស្សម្នាក់បាន​ស្លាប់ និង១០នាក់ផ្សេងទៀត​បានរងរបួស​ នៅក្នុងហេតុការណ៍រថយន្តមួយគ្រឿង​បុករះអ្នកដំណើរ នៅតាមចិញ្ចើម​មួយក្នុង​ទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស នៅវេលាម៉ោង ១២៖២០នាទីរំលងអធ្រាត​ឈានចូល​ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ ខណៈមនុស្សរបួស ០៣នាក់ មានស្ថានភាពរបួសធ្ងន់ធ្ងរ។ នេះបើតាមការ​​ចេញផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុននេះ​បន្តិច នារសៀលថ្ងៃចន្ទនេះតែម្តង។

ហេតុការណ៍ដែលប៉ូលិសអង់គ្លេសមិនទាន់អាចសន្មត់ថា ជាអំពើភេរវកម្ម ឬឧប្បដិហេតុនេះ បានកើតមាន​ឡើងនៅតាមដង​វិថីឈ្មោះ Seven Sister ស្ថិតនៅក្បែរ​ឧទ្យាន Finsbury Park ភាគខាងជើង​ទីក្រុងឡុងដ៍។ ប៉ូលិសអង់គ្លេស​បានឲ្យដឹងថា មនុស្សម្នាក់ត្រូវបានចាប់ខ្លួនភ្លាមៗ​ នៅហ្នឹងកន្លែងកើតហេតុ។ ជុំវិញបញ្ហានេះ ក្រុមប្រឹក្សាម៉ូស្លីម​​នៃចក្រភព​អង់គ្លេស ( MCB) បានបង្ហោះ​សារក្នុងបណ្តាញ Twitter របស់ខ្លួនថា រថយន្តមួយគ្រឿង​ខាងលើនេះ បានជ្រុលទៅបុករះ​អ្នក​ដំណើរ ដែលពួកគេកំពុងចាកចេញពីព្រះវិហារ Finsbury បន្ទាប់ពីបញ្ចប់​ការបួងសួងរួចរាល់។

តាមសម្តីរបស់សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានប្រាប់បណ្តាញ​ព័ត៌មាន Sky News ថា រថយន្តមួយគ្រឿង​បានបុករះអ្នកដំណើរតាមដងផ្លូវ ដោយវាប្រាកដណាស់ថា ក្នុងចំណោមជនរងគ្រោះគឺពិត​ជាមាន​អ្នកប្រតិបត្តិសាសនា ដែលទើបតែចាកចេញ​ពីព្រះវិហារ នៅអំឡុងពិធីបុណ្យរ៉ាម៉ាឌន។ រហូតមកដល់ពេលនេះ​​ប្រតិបត្តិការស៊ើបអង្កេត​នៅតែបន្តធ្វើឡើយ ហើយអ្នករងរបួស​ទាំងអស់កំពុង​សម្រាកព្យាបាល​នៅមន្ទីរពេទ្យ៕