(បាងកក)៖ ស្ត្រីម្នាក់បានបាត់បង់​ជីវិតភ្លាមៗ បន្ទាប់ពីរូបនាង​បានសម្រេចចិត្ត​ លោតចូលផ្លូវដែក និងត្រូវបានរថភ្លើងបុកពេញ​មួយទំហឹង នៅឯស្ថានីយ៍រថភ្លើង Ban Thap Chang ក្នុងទីក្រុង​បាងកក នៅព្រឹក​ថ្ងៃចន្ទនេះតែម្តង។ នេះបើតាមក្រុមមន្ត្រីថៃ ដកស្រង់ដោយ​ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៩​ ខែមិថុនា ឆ្នាំ២០១៧។

ជុំវិញគ្រោះថ្នាក់ដ៏​រន្ធត់នេះដែរ នាយក​ផ្នែកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Electrified Train Co., Ltd. លោក Suthep Phanpheng បាននិយាយថា «ស្រ្តីខាងលើបាន​ដើរទៅមុខ​ពីរទៅបី​ជំហ៊ាន ហើយសា្រប់តែ​លោតចូលទៅខាង​មុខរថភ្លើង បណ្ដាលឱ្យរថភ្លើង​បុករូបនាងស្លាប់ភ្លាមៗ​តែម្ដង»។ ដោយឡែក បើតាមកាមេរ៉ាសុវត្ថិភាព ស្រ្តីរូបនេះតែងតែ​មកស្ថានីយ៍រថភ្លើង Ban Thap Chang ស្ទើររៀងរាល់ ថ្ងៃជាមួយបុរសម្នាក់​សង្ស័យថាជាប្ដី។

ទោះបីជាយ៉ាងណា​មូលហេតុពិតប្រាកដ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ដោយគេមិនទាន់​ដឹងថា តើវាជាករណីធ្វើអត្តឃាតខ្លួនឯង ឬក៏ជាឧប្បដិហេតុនោះឡើយ៕