(ប៉ារីស)៖ ការិយាល័យបោះឆ្នោតនៅក្នុងប្រទេសបារាំង បានបើកទ្វារហើយ នៅព្រឹកថ្ងៃអាទិត្យនេះ ដើម្បីឱ្យប្រជាជនបារាំងប្រមាណជា ៤៧លាននាក់ ចូលរួមក្នុងការបោះឆ្នោតសភា ជុំទី០២ ខណៈការព្យាករណ៍ជាច្រើនរំពឹងថា គណបក្សរបស់លោកប្រធានាធិបតី អេម៉ានុយអ៊ែល ម៉ាក្រុង នឹងទទួលបានជ័យជម្នះដោយទទួលបានសំឡេងគាំទ្រភ្លូកទឹកភ្លូកដី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០១៧។​

នៅអំឡុងការបោះឆ្នោតសភាជុំទី០១ កាលពីថ្ងៃទី១១ ខែមិថុនា គណបក្សលោកម៉ាក្រុង និងគណបក្សជាសម្ព័ន្ធមិត្តរបស់ខ្លួនគឺំ MoDem គឺជាអ្នកទទួលជ័យជម្នះ ជាមួយនឹង សំឡេងគាំទ្រ៣២,៣ភាគរយ ទល់នឹង២១.៥ភាគរយ នៃគណបក្សសាធារណរដ្ឋកណ្ដាលនិយម តាមពីក្រោយដោយគណបក្សរណសិរ្សជាតិ របស់លោកស្រី ម៉ារីន ឡឺប៉ែន ដែល ទទួលបានសំឡេងគាំទ្រ១៣,៣%។

យ៉ាងណាមិញគណបក្សរបស់លោក ម៉ាក្រុង ត្រូវការជាចាំបាច់កៅអី នៅក្នុងសភាយ៉ាងតិច២៨៩ នៃចំនួនអសនៈសរុប៥៧៧ ដើម្បីអាចបន្តការងារកំណែទម្រង់ នៅក្នុងបរិបទដែលការព្យាករណ៍ជាច្រើនរំពឹងថា នៅក្នុងការបោះឆ្នោតជុំទី០២នេះ គណបក្សរបស់ប្រធានាធិបតីវ័យក្មេងរូបនេះ អាចនឹងទទួលបានអសនៈរហូត ដល់ទៅច្រើនជាង៤០០ អសនៈឯណោះ។  ក៏ប៉ុន្តែយ៉ាងណា ក្រុមអ្នកជំនាញបារំាងមួយចំនួន រួមទាំងគណបក្សប្រឆាំង បានបង្ហាញពីក្ដីព្រួយរម្ភខ្លាចក្រែង ជ័យជម្នះនេះអាចនឹងធ្វើ ឱ្យប៉ះពាល់ដល់ដំណើរការនៃលិទ្ធិប្រជាធិបតេយ្យ ត្បិតបើសិនជាអ្វីៗដើរតាមការព្យាករណ៍ នោះគណបក្សប្រឆាំងនឹងអស់ឥទ្ធិពល នៅក្នុងសភា ដើម្បីតាមដានសកម្មភាពរដ្ឋាភិបាល ពោលបើនិយាយឱ្យចំ គណបក្សរបស់លោក ម៉ាក្រុង អាចនឹងដឹកនាំសភាផង និងរដ្ឋាភិបាលផង។

គួរបញ្ជាក់ថា ការិយាល័យបោះឆ្នោតនៅតាមទីក្រុងធំៗក្នុងប្រទេសបារាំង បានបើកទ្វារនៅម៉ោង ៨៖០០នាទីព្រឹក (ម៉ោងនៅស្រុកបារាំង) ហើយនឹងត្រូវបិទទ្វារនៅម៉ោង ១៨៖០០នាទី ឬក៏២០៖០០នាទីយប់ ទៅតាមតំបន់នីមួយៗ៕    ​