(កាប៊ុល)៖ យ៉ាងហោចណាស់ពួកសកម្មប្រយុទ្ធ ២០នាក់ បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារដោយទ័ព​អាកាសរបស់អាមេរិក និងអាហ្វហ្គានីស្ថានរួមគ្នា ទៅលើខេត្ត Helmand ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការសារព័ត៌មាន Sputnik របស់រុស្ស៊ី ដកស្រង់សម្តីរបស់មន្ត្រីប្រចាំតំបន់កើតហេតុ នៅរសៀលថ្ងៃ​សៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧។

ការវាយប្រហារខាងលើនេះ ត្រូវបានរៀបចំឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទៅលើស្រុក Marjeh នៃខេត្តខាងលើនេះ ដោយវាជាកន្លែងលាក់ខ្លួនរបស់បណ្តាញក្រុមតាលីបង់។ បន្ទាប់ពីការវាយប្រហារជោគជ័យ កងកម្លាំងអាហ្វហ្គានីស្ថាន ក៏ធ្វើការស្នើសុំជំនួយបន្ថែមទៀត នោះគឺការបញ្ជូនកងកម្លាំងផ្ញើជើងមកកាន់ស្រុក Marjeh ដើម្បីបោសសម្អាត និងគ្រប់គ្រងតំបន់នេះតែម្តង។

គួរបញ្ជាក់ថា ខេត្ត Helmad គឺមជ្ឈមណ្ឌលកណ្តាលនៃក្រុមតាលីបង់ ដែលត្រូវបានប្រើប្រាស់ជាកន្លែង​ធ្វើជំនួញ​គ្រឿងញៀន និងប្រមូលផ្តុំហិរញ្ញវត្ថុដ៏សម្បើមផ្សេងទៀត។ បច្ចុប្បន្នអាហ្វហ្គានីស្ថាន មិនមែនទទួលរងការយាយី​ដ៏ខ្លាំងក្លាពីក្រុមតាលីបង់ប៉ុណ្ណោះទេ តែក៏មានក្រុម ISIS ផងដែរ៕