(ម៉ូស្គូ)៖ វិបត្តិការទូតដ៏ក្តៅគគុក​សព្វថ្ងៃនេះ រវាងប្រទេសកាតា និងបណ្តាប្រទេសអារ៉ាប់មួយចំនួនទៀតនោះ គឺជាសញ្ញាបរាជ័យ​ជាក់ស្តែងដំបូងបំផុត នៃគោលន​យោបាយ​ក្រៅប្រទេសរបស់​ទីក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់​មជ្ឈិមបូព៌ា។ នេះបើតាមការអះអាងរបស់​អ្នកជំនាញរុស្ស៊ីម្នាក់ ដកស្រង់ដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅរសៀល​ថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧។

យោងតាម​ លោក Alexander Aksenenok អ្នកជំនាញ​នៃក្រុមប្រឹក្សាកិច្ចការអន្តរជាតិ​របស់ប្រទេសរុស្ស៊ី វិបត្តិដែលប្រទេស​កាតាកំពុងជួបប្រទះ​ គឺជា​ភាព​បរាជ័យ​ជាក់ស្តែងដំបូងបំផុត នៃគោលនយោបាយ​របស់ទីក្រុង​វ៉ាស៊ីនតោន នៅក្នុងតំបន់មជ្ឈិមបូព៌ា​ ក៏ដូចជាតំបន់​ឈូងសមុទ្រពែក។ លោក Aksenenok បានលើក​ឡើងថា «នេះគឺជាលទ្ធផល​នៃធាតុពិតជាក់ស្តែង​ដែលថា បណ្តាសម្ព័ន្ធមិត្ត និងដៃគូរបស់​សហរដ្ឋអាមេរិក បានកេង​​ចំណេញ​ស្ថានការណ៍ ដែល​ត្រូវបានបង្កើត​ឡើងដោយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមួយការធ្វើ​សេចក្តីថ្លែងការណ៍​របស់លោក ប្រឆាំងនឹងអ៊ីរ៉ង់​នៅឯទីក្រុង​រីយ៉ាដ»។

អ្នកជំនាញរូបនេះបាន​គូសបញ្ជាក់ថា នៅក្នុងស្ថានការណ៍នេះ​សម្ព័ន្ធមិត្តរបស់ទីក្រុង​វ៉ាស៊ីនតោន បានប្រើប្រាស់នយោបាយ​ការទូតរបស់​អាមេរិក ដើម្បី​បម្រើ​ដល់ផលប្រយោជន៍​ផ្ទាល់ខ្លួនរបស់​ពួកគេ។ លោក Aksenenok បានបន្តថា «វិបត្តិនេះមិន​ផ្តល់ជាប្រយោជន៍អ្វី​ទាំងអស់​ដល់សហរដ្ឋអាមេរិក តែផ្ទុយ​​ទៅ​វិញ​ វាគឺជាលទ្ធផល​ដែលបានកើតចេញមកពី ភាពនៅតែមិនច្បាស់​របស់រដ្ឋបាល លោក ដូណាល់ ត្រាំ ក្នុងការសម្រេច​ចិត្តថា តើគោលនយោបាយ​​នៅ​តំបន់​មជ្ឈិមបូព៌ា​ គួរតែមានលក្ខណៈ​បែប​ណានោះ​​។ បច្ចុប្បន្ននេះ អាមេរិកនៅតែ​កំពុងរៀនសូត្រ ពី​កំហុសឆ្គង​នានានៅឡើយទេ»

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែមិថុនាកន្លងទៅ ប្រទេសមួយចំនួន​រួមមានរាជាណាចក្រ​អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បាន​ប្រកាសផ្តាច់ទំនាក់ទំនង​ការទូតគ្រប់ទម្រង់ និងបានបិទចរាចរណ៍​ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសជាមួយ​ជាមួយប្រទេសកាតា ក្រោមហេតុផល​ចោទ​ប្រកាន់ទីក្រុង​ដូហា ថាបានគាំទ្រក្រុមភេរវករ​ក៏ដូចជា​ប្រទេសអ៊ីរ៉ង់ និងបានលូកដៃ​ចូលកិច្ចការផ្ទៃក្នុង​ប្រទេសដទៃទៀត។ ការសម្រេចចិត្ត​របស់ប្រទេស​​អារ៉ាប់ទាំងនោះ ត្រូវបានធ្វើឡើងតែ​ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានធ្វើដំណើរ​បំពេញទស្សនកិច្ច​ក្រៅប្រទេស​ជាលើកដំបូង នៅ​​រាជា​ណាចក្រ​អារ៉ាប៊ីសាអូឌីត៕